គតិលោក ភាគ៩: រឿង៖ លលកនិងស្រមោចខ្មៅ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៩: រឿង៖ លលកនិងស្រមោចខ្មៅ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងលលកនិងស្រមោចខ្មៅ

និទាន​នេះមាន​ដំណាល​ក្នុង​ក្បួន​បារាំង​សែស​ មាន​សត្វ​លលក​មួយ​ហើរ​ទៅ​បាន​ឃើញ​ពួក​ស្រមោច​ខ្មៅ​ធ្លាក់​ទៅ​ក្នុង​ទឹក​ ហែល​តោង​តែ​គ្នា​អែង​ មាន​ចិត្ដ​អានិត​ពួក​ស្រមោច​នោះ ទើប​ទៅ​ពាំ​យក​មែក​ឈើ​ងាប់​១ មក​ដាក់​ធ្វើ​ជា​ស្ពាន​អោយ​ស្រមោច​អស់​នោះ​តោង​វារ​ឡើង​មក​លើ​គោក​បាន​។ ស្រមោច​ទាំង​ឡាយ​បាន​រួច​ខ្លួន​ពី​ក្ដី​ស្លាប់​ដោយ​អំណាច​ឈើ​ស្ពាន​ ដែល​លលក​ដាក់​អោយ​ខ្លួន​តោង​វារ​ឡើង​នោះ​អែង​។ ថ្ងៃ​មួយ​ លលក​ហើរ​ទៅ​ទំ​លើ​មែក​ជ្រៃ កាល​នោះ​មាន​ព្រាន​ប្រមាញ់​ម្នាក់​​ដើរ​ទៅ​ឃើញ​លលក​ទំ​លើ​មែក​ជ្រៃ​ ក៏​ប្រារព្ធ​នឹង​បាញ់​លលក​នោះ​ អែ​ស្រមោច​ទាំ​ឡាយ​ដឹង​ថា​ព្រាន​ប្រមាញ់​ប៉ង​នឹង​បាញ់​លលក​ដូច្នោះ​ ក៏​នឹក​ដល់​គុណ​លលក​ដែល​បាន​ធ្វើ​ នឹង ខ្លួន​ ទើប​នាំ​គ្នា​វារ​ឡើង​ទៅ​ខាំ​ជើង​នាយ​ព្រាន​ ដើម្បី​អោយ​នាយ​ព្រាន​នោះ​ ភ្ញាក់​កន្ដ្រាក់​ទន្រ្ទាំ​ជើង​ជា​សូរ​អោយ​លឺ ឡើង​ដល់​លលក​ ៗ​នឹង​បាន​ដឹង​ខ្លួន​ហើយ​ហើរ​ទៅ​​។ នាយ​ព្រាន​ កំពុង​តែ​ស្រងេវ​​ភ្នែក​នឹង​បាញ់​ លុះ​ស្រមោច​ឡើង​រោម​ខាំ​ ក៏​ធាក់​ជើង​លឺ​សូរ​ទឹប​ៗ​។ អែ​លលក​បាន​លឺ​សូរ​សព្ទ​ដូច្នោះ​ហើយ​ ក៏​បែរ​មើល​ទៅ​ឃើញ​មនុស្ស​ប៉ង​នឹង​យាយី​ខ្លួន ទើប​ស្ទុះ​ហើរ​ចាក​មែក​ជ្រៃ​នោះ​ទៅ​កាន់​ទីទៃ​ផុត​ក្ដី​ស្លាប់​ហោង​។
រឿង​នេះ​បាន​ជា​គតិ​ដល់​បុគ្គល​អ្នក​ធ្វើ​គុណ​ៗ​នោះ​អាច​អោយ​ក្ដី​សុខ​វិញ​បាន ប្រាជ្ញ​គប្បី​ដឹង​និទាន​សត្វ​ម្រោម​អោយ​ទុក្ខ ដល់​សត្វ​សិង្ហ​តោ ក្ដី​ទុក្ខ​នោះ​បាន​មក​លើ​សត្វ​ម្រោម​ គឺ​ទៅ​ត្រូវ​មង​ពីង​ពាង វិនាស​ខ្លួន​អែង​វិញ​អែ​សត្វ​លលក​ អោយ​ក្ដីសុខ​ដល់​សត្វ​ស្រមោច ​ៗ​ជួយ​អោយ​លលក​ផុត​ក្ដី​ទុក្ខ បាន​ក្ដី​សុខ​សំរាន្ដ​វិញ​។​
រឿង​និទាន​ទាំង​ពីរ​នេះ​ បាន​ដូច​បទ​បាលី​បុរាណ​តែង​ពោល​ថា៖ សុខ​តោ សុខ​ថានំ ទុក្ខតោ ទុក្ខថានំ ដូច្នេះ។
សុខ​អើយ​សុខា
នរូអ្នកណា
អាចអោយសុខគេ
គេនឹងបំពេញ
សុខវិញមិនទេ
អាចអោយទុក្ខគេ
គេអោយទុក្ខស្នង ។
នរណាធ្វើគុណ
គុណគង់ការុណ្យ
នាំសុខមកសង
នរណាធ្វើទោស
ទោសគង់អន្ទង
នាំទុក្ខមកសង
អោយរងវេទនា
ចប់គតិទី៥៩

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad