គតិលោក ភាគ៩: រឿង៖ ព្រានព្រៃចាប់សត្វសារិកា - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៩: រឿង៖ ព្រានព្រៃចាប់សត្វសារិកា


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងព្រានព្រៃចាប់សត្វសារិកា

មាន​នាយ​ព្រាន​ព្រៃ​ម្នាក់​ ទៅ​ចាប់​សត្វ​សារិកា​១ ក្ងោក​១ កុក​១ បាន​មក​បង្ហាត់​ក្នុង​ការ​ល្បែង​ គឺ​សារិកា បង្ហាត់​អោយ​ចេះ​និយាយ​ស្ដី​ជា​ភាសា​មនុស្ស​យើ​ង​បាន​គ្រប់​ប្រការ អែ​ក្ងោក​និង​កុក​បង្ហាត់​អោយ​ចេះ​រេ​រាំ ​ប្រើ​លំនាំ​ទៅ​បាន​ផ្សេង​ៗ​។ នាយ​ព្រាន​បង្ហាត់​សត្វ​ទាំង​បី ​បាន​ចេះ​ស្ទាត់​ហើយ ទើប​នាំ​យក​ទៅ​ថ្វាយ​ព្រះ​បរម​រាជា​ នា​ព្រះ​រាជ​វាំង​ដើម្បី​យស​សក្ដិ​នឹង​ប្រាក់​រង្វាន់​តាម​ភាព​ជាតិ​ព្រាន​ព្រៃ​។ ព្រះ​បរម​រាជា​ទ្រង់​ត្រាស់​សួរ​ថា សត្វ​ទាំង​បី​នេះ​តើ​ចេះ​អ្វី​ខ្លះ​ នាយ​ព្រាន​ក្រាប​ទូល​ថា សត្វ​សារិកា​នេះ​ចេះ​និយាយ​ភាសា​មនុស្ស​បាន​ ទូល​ហើយ ​ក៏​ប្រើ​សារិកា​អោយ​និយាយ​ សារិកា​ក៏​សំដែង​វិជ្ជា​ដែល​ខ្លួន​ចេះ គឺ ​ពោល​ពាក្យ​ផ្សេង​ៗ​ ជា​ភាសា​មនុស្ស​ស្រេច​ហើយ​ នាយ​ព្រាន​ប្រើ​ក្ងោក​អោយ​រាំ​ថ្វាយ​ ក្ងោក​រាំ​រេ​កាប់​កែ តាម​ចំនេះ​ដែល​ខ្លួន​ចេះ​នោះ​បាន​ផ្សេង​ៗ ព្រះបរម​រាជា​ក៏​សព្វ​ព្រះ​ទ័យ​នឹង​សត្វ​ទាំង​ពីរ​ ទើប​ទ្រង់​អោយ​អាមាត្យ​ចាប់​យក​ទៅ​ដាក់​ទ្រុង​ទុក​ ជា​របស់​ព្រះ​រាជ​ទ្រព្យ​ហ្លួង​។
នាយ​ព្រាន​ព្រៃ​ក៏​នាំ​កុក​ចេញ​មក​ ហើយ​ប្រើ​កុក​នោះ​អោយ​រាំ​ថ្វាយ​ព្រះ​បរម​រាជា​ទៀត​ អែ​កុក​ជា​សត្វ​មាន​ប្រាជ្ញា​ ស្គាល់​​កាល​គួរ​កាល​មិន​គួរ គិត​ថា សត្វ​សា​រិកា សត្វ​ក្ងោក គេ​បាន​សំដែង​ចំណេះ​ថ្វាយ​ស្ដេច​ ៗ​សព្វ​ព្រះ​ទ័យ​ ទ្រង់​អោយ​ដាក់​ទ្រុង​ទុក​ជា​ព្រះ​រាជ​ទ្រព្យ​ហើយ​ ប្រសិន​បើ​អញ​សំដែង​ចំណេះ​ឡើង​ គង់​ស្ដេច​នឹង​អោយ​ដាក់​ទ្រុង​ទុក​ដូច​គេ​ ធម្មតា​ការ​ជាប់​ទ្រុង​នេះ​ នឹង រក​ក្ដី​សុខ​អែ​ណា​មាន​ មាន​តែ​ក្ដី​ទុក្ខ​​ក្ដី​រំខាន​ជា​ប្រាកដ​ បើ​ដូច្នេះ​ ការ​នេះ​មិន​គួរ​នឹង​សំដែង​វិជ្ជា​ដែល​ចេះ​នោះ​ទេ ត្រូវ​ធ្វើ​ល្ងង់​ទើប​រួច​ខ្លួន​ គិត​ហើយ​កុក​នោះ​ពុំ​រាំ​ឡើយ​ ធ្វើ​តែ​ក្រក​ទៅ​ក្រក​មក​ៗ​ ប៉ុណ្ណោះ​អែង នាយ​ព្រាន​ប្រើ​អោយ​ធ្វើ​ដូច​ម្ដេច​ៗ​ កុក​ក៏​មិន​ធ្វើ​តាម​ ចេះ​តែ​ក្រក​ទៅ​ក្រក​មក​ដូច្នោះ​អែង​។ អែ​ព្រះ​បរម​រាជា​យល់​កិរិយា​កុក​មិន​ចេះ​អ្វី​ដូច្នោះ​ ក៏​ទ្រង់​ត្រាស់​អោយ​នាយ​ព្រាន​ព្រៃ​ស្រាយ​លែង​ នាយ​ព្រាន​ក៏​លែង​កុក​នោះ​តាម​ព្រះ​បន្ទូល​ហោង​។
អែ​កុក​បាន​រួច​ចេញ​ចាក​ដៃ​នៃ​នាយ​ព្រាន​ហើយ ក៏​ហើរ​ឡើង​លើ​អាកាស​ ហើយ​បញ្ចេញ​អុទាន​វាចា​ថា «សត្វ​សរិកា​និង​ក្ងោក​គេ​​ចេះ​ប្រាជ្ញ​ព្រោក ញ៉ាំង​មនុស្ស​លោក​អោយ​ត្រេក​ចិត្ដ​បាន ធ្វើ​ប្រាណ​អោយ​ជាប់​ទ្រុង​មាន​សភាព​យ៉ាង​នេះ​ អើ​ជា​ហើយ​ល្អ​ហើយ​ចៅ​ទាំង​ពីរ តែ​យើង​យល់​ថា ការ​ជាប់​ទ្រុង​គេ​នោះ​ ជា​ទី​នាំ​មក​នូវ​ទុក្ខ​រំខាន​ បាន​ជា​យើង​មិន​សំដែង​វិជ្ជា​ ដែល​ចេះ​នោះ​ ស៊ូ​មាយា​ធ្វើ​ល្ងង់​ខ្លៅ​ ដើម្បី​អោយ​គេ​ស្អប់​គេ​លែង​ចោល​បង់​ នឹង​បាន​ទៅ​ជួប​ជុំ​វង្ស​ញាតិ​សន្ដាន​ដែល​ព្រាត់​ប្រាស​មក​នោះ​ សរិកា​នឹង​ក្ងោក​អែង​ចេះ​ចំណេះ​ព័ន្ធ​ក​អែង​យ៉ាង​នេះ​ យើង​មិន​សរ​សើរ​ទេ ចេះ​អី​អោយ​ជាប់​ទ្រុង​គេ​យ៉ាង​នេះ​ ហៅ​ថា​ចេះ​របេះ​ក្បាច់​ ហៅ​ថា​ចំណេះ​ជិះ​ក​អែង​ហើយ​ នែ​កុណ​បក្សី​ទាំង​ពីរ​អ្នក​អែង​មិន​ដឹង​កាល​គួរ​សំដែង​ចំណេះ​ ទៅ​សំដែង​ក្នុង​កាល​មិន​គួរ​សំដែង​ បាន​ជា​អ្នក​អែង​ជាប់​ទ្រុង​ទៅ​ណា​មិន​រួច​យ៉ាង​នេះ​ កុក​នោះ​ពោល​ពាក្យ​ដូច្នោះ​ហើយ​ ក៏​ហើរ​ទៅ​កាន់​ទី​តាម​ចិត្ដ​ប្រាថ្នា​ហោង​។
រឿងនេះបានគតិដល់បុគ្គលអ្នកចេះសំដែងចំនោះក្នុងកាលមិនគួរថ្លែង នាំអោយព័ន្ធកអែងវិញ ដូចយ៉ាងអ្នកខ្លះបានឃើ ញបានលឺអ្វី ហើយនាំមកសំដែងក្នុងកាលប្រជុំអ្នកធំ ដល់អ្នកធំគេត្រូវការឡើង ក៏ប្រើអែងអោយទៅធ្វើការនេះ រឺការ នោះជាការកំបាំង ខ្លួនទៅថ្លែង គេប្រកាន់ខ្លួនជាប់ថា ខ្លួនបានដឹងលឺ ហើយគេហៅយកខ្លួនទៅសំដែង ការនោះអែងត្រូវ ពាក់ព័ន្ធមកលើខ្លួនវិញយ៉ាងនេះក៏មាន គតិអស់នេះ នៅមានច្រើនតទៅទៀត អញ្ជើញប្រាជ្ញពិចារណាទៅទៀតចុះ។
កុកអើយនាងកុក
​ត្រិះយល់ក្ដីសុខ
ក្ដីទុក្ខសម្ទាយ
កាលខុសដំនែង
មិនថ្លែងអភិប្រាយ​
ថ្លែងធ្វើខ្លៅក្លាយ
ញ៉ាំងកាយរួចបាន។​
វិជ្ជាចំនេះ
គួរចាគួចេះ​
គួរដឹងប្រមាណ
គួរពោលល្មមពោល
​គួរខានល្មមខាន
កុំអាងតែប្រាណ
ប្រាជ្ញព្រោកព្រើលថ្លែង។
នេះហើយចេះចប់
ចេះមិនប្រសប់​
ក្នុងកាលសំដែង
ចេះនោះប្រែជាន់
​ចេះព័ន្ធកអែង
ចេះកាលមិនថ្លែង
ចេះអែងមិនថ្លៃ។​
ចប់តំរាពោលវិជ្ជាខុសកាលជាគតិទី៦១

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad