គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៤
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងចចកនិងខ្មោចដំរីសារ
មានសត្វចចកមួយ ដើរស្វែងរកអាហារបរិភោគ
លុះដើរដល់ទីព្រៃ១ បានឃើញខ្មោចដំរីសារ១ដួលស្លាប់ហើមប៉ោងនៅខាងព្រៃដង្គុំ
ទើបចចកកើតលោភចេតនាគិតថា លាភោបរមលាភអើយ ថ្ងៃនេះអញបានចំណីយ៉ាងសន្ធឹកអាស្រ័យ
៤-៥ថ្ងៃក៏ពុំអស់ បើដូច្នេះគួរអញកាត់វច្ចមគ្គ(ទ្វារធំ) ស៊ីរូងចូលទៅក្នុងពោះដំរីអាស្រ័យគ្រឿងក្នុងអស់កាលណា
សឹមអញចេញមកអាស្រ័យសាច់ខាងក្រៅ គិតហើយចចកកាត់ទ្វារធំសាកសពដំរីនោះ រូងចូលទៅក្នុងពោះដំរី
ស៊ីគ្រឿងក្នុង។ ឯសាកសពដំរីនោះ កាលពេលថ្ងៃក្ដៅស្វិតរឹងទ្វារធំនោះក៏របើកជារូង
លុះដល់ភ្លៀងអោរជោកសាកសពនោះក៏ទន់ចុះ ទ្វារធំនោះក៏រីកបិទជិតចូលជាមួយគ្នាទៅ។
ឯចចកនៅក្នុងពោះដំរីនោះ នឹងរកច្រកចេញមកខាងក្រៅពុំបាន ក៏តាំងថប់ដង្ហើម
បាននូវសេចក្ដីទុក្ខវេទនានៅក្នុងពោះដំរី២-៣ថ្ងៃស្ទើរតែនឹងស្លាប់នៅក្នុងពោះដំរីនោះឯង
លុះដល់ថ្ងៃក្ដៅ ខ្លាំងសាកសពនោះរឹងឡើងទើបបានឃើញទ្វារចេញមកខាងក្រៅបាន។
រឿងនេះ តើបានសេចក្ដីប្រៀបប្រាយដូចម្ដេច
ឯងថាទៅមើល។
កូនសិស្សតបថា
រឿងនិទានចចកនេះបានគតិដូចមនុស្សលោភលាភកើន ហើយប្រាសចាកសតិសម្បជញ្ញនឹងពិចារណាមើលកលមើលការ
ហៅថាស៊ីអាហារមិនដឹងប្រមាណ ដូចបុគ្គលអ្នកស្វែងលាភ បានលាភហើយក៏រិតតែលោភខ្លាំងឡើង
ទល់ទេរកអោកាសនឹងដកខ្លួនចេញពីលាភនោះពុំបានដូចចចកនោះឯង។
ចប់តំរារកស៊ីលោភលាភកើនប្រមាណទី៥។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment