គតិលោក ភាគ៤: រឿង៖ កណ្ដុរស្រុក និងកណ្ដុរព្រៃ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ៤: រឿង៖ កណ្ដុរស្រុក និងកណ្ដុរព្រៃ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងកណ្ដុរស្រុក និងកណ្ដុរព្រៃ
   មាន​សត្វកណ្ដុរ ២​តួ​ជា​សំលាញ់​នឹង​គ្នា កណ្ដុរ​១​នៅ​ក្នុង​ផ្ទះ កណ្ដុរ​មួយ​នៅ​ព្រៃ​។ ថ្ងៃ​មួយ​កណ្ដុរ​ផ្ទះ​បបួល​កណ្ដុរ​ព្រៃ​ជា​ការ​សប្បាយ តាម​ភាសា​ជា​មិត្ត​នឹង​គ្នា កាល​ដែល​កំពុង​បរិ​ភោគ​ចំនី​នោះ បាន​លឺ​សូរ​មនុស្ស​គេ​គោះ​ទ្វារ គោះ​បង្អួច​លាន់​ម៉ុង​ម៉ាំ ង​ កណ្ដុរ​ទាំង​ពីរ​ក៏​កើត​ក្ដី​កត់​ស្លុត​ភិត​ភ័យ មើល​ឆ្វេង​ស្ដាំ ហើយ​សំងំ​ស៊ី​ទៅ​ទៀត លុះ​ស៊ី​ទៅ​ក៏​លឺ​សព្ទ​សន្ធឹក​ជើងម​នុស្ស​ដើរ​ចូល​មក កណ្ដុរ​ទាំង​ពីរ​ក៏​រិត​តែ​ភិត​ភ័យ​ឡើង​ទៀត រក​តែ​ផ្លូវ​នឹង​គេច​រត់ កាល​ដែល​អាស្រ័យ​ស៊ី​លៀង​នោះ​ក៏​ពុំ​មាន​អោ​ជា​រស​ពិសា​ឡើយ ព្រោះ​ក្ដី​ភ័យ​ខ្លាច​ក្រែង​មនុស្ស រឺ​សត្វ​ឆ្មា​វា​យាយី ម៉្លោះ​ហើយ​ក៏​ស៊ី​បន្ដិច​បន្ដួច​បន្ទាន់​ពេល រត់​ទៅ​កាន់​លំ​នៅ​អាត្មា​ទី​ទៃ​ៗ​។

     ថ្ងៃ​ក្រោយ កណ្ដុរ​ព្រៃ​បបួល​កណ្ដុរ​ផ្ទះ​ទៅ​ស៊ី​លៀង​ឯ​ទី​វាល​ស្រែ​ព្រៃ​វិញ ឯ​គ្រឿង​ម្ហូប​ចំនី​របស់​កណ្ដុរ​ព្រៃ​នោះ​ពុំ​សូវ​ល្អ ព្រោះ​ជា​ជាតិ​អ្នក​ថោក​ទាប កាល​ដែល​បរិ​ភោគ​នោះ​ពុំ​មាន​មនុស្ស​សត្វ​ណា​ដើរ​ទៅ​ជិត​ខាង​នាំ​អោយ​ភ្ញាក់​ផ្អើល​ឡើយ កណ្ដុរ​ទាំង​ពីរ​ស៊ី​លៀង​ដោយ​សប្បាយ ដរាប​ដល់​ឆ្អែត​ស្កប់​ស្កល់​រៀង​ខ្លួន​។ លុះ​រួច​ការ​ស៊ី​លៀង​ហើយ កណ្ដុរ​ផ្ទះ​និយាយ​ចំអក​ត្មះ​តិះ​ដៀល​ថា «ម្ហូប​ចំនី​របស់​មិត្រ​ឯង​នេះ អន់​ទាន់​ទាប​ភាព​អ្នក​ព្រៃ ដោយ​ក្ដី​ពុំ​ចេះ​ចាត់​ចែង​អោយ​ល្អ​ដូច​អ្នក​ស្រុក​ឡើយ ស៊ូ​ម្ហូប​ចំនី​ខ្ញុំ​ឯង​នេះ​មិន​បាន​ទេ​»​

     ឯ​កណ្ដុរ​ព្រៃ​ក៏​តប​ថា «មែន​ហើយ​មិត្រ​ឯង​ថា​នោះ ក្នុង​ថ្ងៃ​មុន ខ្ញុំ​បាន​ទៅ​ទទួល​ទាន​ភោជ​នា​ហារ​របស់​មិត្រ​ឯង ឯ​ម្ហូប​ចំនី​មិត្រ​ឯង​សុទ្ធ​សឹង​តែ​ល្អ​ៗ តែ​លេប​ទៅ​ស្ទើរ​ស្ទះ​បំពង់​ក​ស្លាប់​ជា​ម្ដង ស៊ី​ទាំង​ភ័យ ទាំង​ភិត​បាត់​រស​ឆ្ងាញ់​ពិសា​ក្នុង​ការ​លៀង​នោះ​ ឯ​ម្ហូប​ចំនី​របស់​ខ្ញុំ​អន់​ទាន់​ទាប​ពិត តែ​បរិ​ភោគ​ទៅ​អិត​ក្ដី​តក់​ស្លុត​ភិត​ភ័យ គិត​យល់​ថា​វិសេស​ជាង​ចំនី​ល្អ​ចំនី​ខ្ពស់ ព្រោះ​អិត​មាន​ក្ដី​តក់​ស្លុត​ជា​អារម្មណ៍​នាំ​អោយ​ស៊ី​បាយ​មិន​បាន​នោះ​ឯង រឺ​មិត្ដ​ឯង​យល់​ថា​ចំនី​នរ​ណា​វិសេស​លើស​ចំនី​នរ​ណា​»​។ ឯ​កណ្ដុរ​ផ្ទះ​លឺ​ដូច្នោះ​ក៏​ពុំ​អាច​តប​ថា​អ្វី​ទៅ​ទៀត​ឡើយ ហើយ​ក៏​លា​កណ្ដុរ​ព្រៃ​វិល​ទៅ​កាន់​លំ​នៅ​​អាត្មា​វិញ​ហោង​។ រឿង​និទាន​នេះ​បាន​ជា​គតិ​យ៉ាង​ណា​ឯង​ថា​ទៅ​មើល​។

     កូន​សិស្ស​ឆ្លើយ​តប​ថា រឿង​នេះ​បាន​គតិ​ដូច​មនុស្ស​បរិ​ភោគ​អាហារ ដែល​កើត​ឡើង​ដោយ​ផ្លូវ​សម្មា​អាជីវៈ​និង​ផ្លូវ​មិច្ឆា​អា​ជីវៈ​ គឺ​បុគ្គល​ណា​ស្វែង​រក​ស៊ី​ដោយ​ការ​ខុស​គន្លង​ធម៌ មាន​លួច​ប្លន់​ឆ​កុហក​ជា​ដើម ហើយ​បាន​វត្ថុ​នោះ​មក​កាល នឹង​បរិ​ភោគ​ក៏​មាន​វប្បដិ​សារី​រលឹក​ឃើញ​នូវ​អំពើ​ ដែល​ខ្លួន​ប្រ​ព្រឹត្ដ​អា​ក្រក់​នោះ ក៏​កើត​ក្ដី​ក្ដៅ​ក្រហាយ​ចិត្ដ​ភិត​ស្លុត​ឡើង វត្ថុ​នោះ​ទោះ​ជា​ល្អ​ជា​ប្រ​ពៃ​យ៉ាង​ណា ក៏​ទៅ​ជា​អិត​អោ​ជា​រស ដូច​គ្នា​នឹង​វត្ថុ​ដែល​កណ្ដុរ​ផ្អះ​ដែល​លួច​គេ​ស៊ី​នោះ​ឯង ឯ​វត្ថុ​របស់​កណ្ដុរ​ព្រៃ​ជា​វត្ថុ​ពុំ​ល្អ ​តែ​បរិ​ភោគ​ទៅ​អិត​ក្ដី​ក្ដៅ​ក្រ​ហាយ​តក់​ស្លុត​នឹង​អារម្មណ៍​អ្វី ព្រោះ​វត្ថុ​នោះ​កើត​ដោយ​ផ្លូវ​សម្មា​អា​ជីវៈ បាន​មក​ដោយ​ធម៌​មែន បុគ្គល​ណា​ស្វែង​រកស៊ី​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ លះ​ក្ដី​កោង​ឆ​រឺ​លួច​ប្លន់​គេ រឺ​លះ​បង់​ផ្លូវ​ជំនួញ​ទាំង​៥​ប្រការ​មាន​លក់​ដូរ​គ្រឿង​ប្រ​ហារ​ជា​ដើម វត្ថុ​ដែល​បាន​មក​ដោយ​ធម៌ មាន​ប្រកប​ការ​ធ្វើ​ស្រែ​ចំការ​ជា​ដើម ហើយ​កាល​នឹង​បរិ​ភោគ​ក៏​អិត​មាន​ក្ដី​វិប្បដិ​សារី ភិត​ភ័យ​ដោយ​អារម្មណ៍​ឯ​ណា​មួយ​ឡើយ ម្លោះ​ហើយ​សេច​ក្ដី​សុខ កាយ​សប្បាយ​ចិត្ដ​ក៏​មាន​ឡើង ទោះ​វត្ថុ​នោះ​ពុំ​ឆ្ងាញ់​ពិសា​ក្ដី​ ក៏​កើត​មាន​រស​ពិសា​ឡើង ដូច​វត្ថុ​របស់​កណ្ដុរ​ព្រៃ​នោះ​ឯង​។


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad