គតិលោក ភាគ៩: រឿង៖ អទិន្នបុព្វកព្រាហ្មណ៍ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៩: រឿង៖ អទិន្នបុព្វកព្រាហ្មណ៍


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងអទិន្នបុព្វកព្រាហ្មណ៍

មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​អទិន្ន​បុព្វក​ព្រាហ្មណ៍​ នៅ​ក្នុង​នគរ​សា​វត្ថី​ បាន​ជា​ឈ្មោះ​ថា អទិន្ន​បុព្វក​នោះ​ ដោយ​មាន​អត្ថ​ព្រាហ្មណ៍​នោះ​ជា​មនុស្ស​កំណាញ់​កាញ់​សម្បត្ដិ​ទុក្ខ​ មិន​ដែល​បរិច្ឆាគ​ទ្រព្យ​​ចេញ​​ធ្វើ​បុណ្យ​អោយ​ទាន​ដល់​សមណ​ព្រាហ្មណ៍​ និង​ ស្មូម​យា​ចក​ទាំង​ឡាយ​ឡើយ​ ព្រាហ្មណ៍​នោះ​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​មដ្ឋ​កុណ្ឌលី​ បាន​ជា​ឈ្មោះ​ថា​មដ្ឋកុណ្ឌ​លី​នោះ​ ព្រោះ​​កូន​នោះ​ចំរើន​ធំ​ហើយ​ អទិន្ន​បុព្វក​ព្រាហ្មណ៍​ជា​បិតា​ ប្រារព្វ​នឹង​ធ្វើ​កណ្ឌល​ ជា​គ្រឿង​បំពាក់​អោយ​ ហើយ​គិត​ថា​នឹង​ទៅ​ជួល​ជាង​ទង​ធ្វើ​ ក្រែង​បង់​ថ្លៃ​ឈ្នួល ទើប​ព្រាហ្មណ៍​យក​មាស​មក​​ដំ​ដោយ​ខ្លួន​អែង​ ធ្វើ​ជា​កុណ្ឌល​ មាន​ភាព​រលីង​អិត​ក្បាច់​ ហើយ​បំពាក់​កូន​នោះ​ ហេតុ​ដូច្នោះ​ ទើប​កូន​នោះ​បាន​នាម​ថា មដ្ឋ​កុណ្ឌលី​កុមារ​ (ថា​ចៅ​កុណ្ឌល​រលីង​) លុះ​ចំនេរ​ត​មក ចៅ​មដ្ឋ​កុណ្ឌលី​នោះ​មាន​ជំងឺ​ឈឺ ​គឺ​រោគ​ស្គម​លឿង​ ទើប​នាង​ព្រាហ្មណី​ និយាយ​នឹង​ប្ដី​ថា​ «អ្នក​អើយ​! កូន​យើង​កើត​​រោគ​ ស្គម​លឿង​ឈឺ​រី​ង​រៃ​យ៉ាង​នេះ គួរ​អ្នក​ទៅ​រក​គ្រូ​ពេទ្យ​មក​មើល​រក្សា​ នឹង​បណ្ដាល​​អោយ​ជា​អែង​នោះ​ឃើញ​ថា​មិន​ជា​ទេ​អ្នក​។ អែ​ចៅ​ព្រាហ្មណ៍​ជា​អ្នក​ខ្លាច​បង់​ខាត​សម្បត្ដិ​ គិត​ថា​បើ​អញ​ទៅ​រក​គ្រូ​អោយ​មក​រក្សា​កូន​នេះ​ហើយ នឹង​បង់​ទ្រព្យ​ដោយ​គំនាប់​គេ​ផង​ ដោយ​អាហារ​ចំណី​លៀង​គេ​នោះ​ផង​ ទ្រព្យ​អញ​នឹង​ខាត​ទៅ​ ព្រាហ្មណ៍​គិត​ដូច្នោះ​ហើយ​ ក៏​ធ្វើ​ព្រងើយ​ កន្ដើយ​មិន​អើ​ពើ​ក្នុង​ការ​រក​គ្រូម​ក​រក្សា​កូន​ឡើយ​ លុះ​អាការ​រោគ​នោះ​ ប្រែ​ខ្លាំង​ឡើង​ព្រាហ្មណ៍​ទាល់​គំនិត​ ទើប​ដើរ​ត្រាច់​ទៅ​តាម​ផ្ទះ​គ្រូ​ពេទ្យ​ ហើយ​ក៏​ចូល​សួរ​គ្រូ​ពេទ្យ​ថា «អើ​អ្នក​គ្រូ​ថ្នាំ តើ​គេ​កើត​រោគ​លឿង​ អាការ​រោគ​នោះ​ស៊ី​ពុំ​បាន ដេក​ពុំ​បាន​នៅទី​អែ​ណោះ​ដូ​ច្នេះ តើ​គេ​ប្រើ​ថ្នាំ​យ៉ាង​ណា​គេ​រក្សា​ដូច​ម្ដេច​»​
អែ​គ្រូ​ថ្នាំ​បាន​លឺ​អទិន្ន​បុព្វកៈ​សួរ​ដូច្នោះ​ ក៏​ប្រាប់​ផ្ដាស​ទៅ​ថា យក​រិស​ឈើ​នោះ​ យក​ស្លឹក​ឈើ​នោះ​ៗ​មក​ស្ងោរ​អោយ​ផឹក​ចុះ​ ពាក្យ​គ្រូ​ប្រាប់​ថ្នាំ​នោះ​គេ​យល់​ថា ព្រាហ្មណ៍​កំណាញ់​ទ្រព្យ​ មិន​ហ៊ាន​អញ្ជើញ​គេ​ទៅ​អោយ​មើល​កូន​ ក្រែង​បង់​ថ្លៃ​ថ្នាំ​ថ្លៃ​អាហារ​ នឹង​លៀង​គេ​ ទើប​គេ​ប្រាប់​ផ្ដេស​ផ្ដាស​ទៅ​។ អែ​អទិន្ន​បុព្វក​ព្រាហ្មណ៍​ លឺ​គេ​ប្រាប់​ដូច្នោះ​ ក៏​មក​រក​ជីក​រិស​ឈើ បេះ​ស្លឹក​ឈើ​ទៅ​ធ្វើ​ថ្នាំ​តាម​គេ​បង្គាប់​នោះ​ អែ​រោគ​កូន​នោះ​ពុំ​អាច​នឹង​រងាប់​ដោយ​ថ្នាំ​ផ្ដេស​ផ្ដាស​នោះ​ឡើយ​ រឹង​រិត​តែ​ឈឺធ្ងន់​​ឡើង​ ចៅ​ព្រាហ្មណ៍​យល់​អាការ​រោគ​កូន​កាន់​តែ​ធ្ងន់​ដល់​នូវ​ក្ដី​ទុព្វល​ភាព​ខ្លាំង​ ដឹង​ថា​រោគ​នោះ​មើល​មិន​ជា​ហើយ​ ទើប​គិត​ថា​ កូន​អញ​ឈឺ​ធ្ងន់​ហើយ​ នឹង​ទុក​អោយ​នៅ​ក្នុង​ផ្ទះ​នេះ​យល់​ជា​ពុំ​បាន​ ក្រែង​ពួក​ញាតិ​មិត្រ​ទាំង​ឡាយ​ គេ​ចូល​មក​សួរ​ជំងឺ​ គេ​នឹង​ឃើញ​ទ្រព្យ​សម្បត្ដិ​អញ​ហើយ​ គេ​នឹង​មក​កួន​​ខ្ចី ​រឺ​ សុំ​អញ​ត​ទៅ​មុខ​ទៀត​ បើ​ដូ​ច្នេះ​ មាន​តែ​លើក​វា​ទៅ​ដាក់​អោយ​ដេក​អៃ​ដ៏​ល្វែង​តាក​ខាង​ក្រៅ​ទើប​ផុត​ក្ដី​រំខាន​ គិត​ហើយ អទិន្ន​បុព្វក​ព្រាហ្មណ៍​នឹង​ប្រពន្ធ​ នាំ​គ្នា​សែង​គ្រែ​កូន​ចេញ​មក​ដាក់​អោយ​ដេក​នៅ​ល្វែង​តាក​ផ្ទះ​ អែ​ចៅ​មដ្ឋ​​កុណ្ឌ​លី​កុមា​រនោះ​លុះ​រោគ​កំរើក​ខ្លាំង​ហើយ​ ក៏​ដល់​នូវ​កាល​កិរិ​យា​ក្ស័យ​អៃ​ដ៏កាល​នោះ​ហោង​។
អែ​ជន​ទាំង​ពីរ​យល់​កូន​ក្ស័យ​ហើយ​ ក៏​គក់​ទ្រូង​ទួញ​យំ​សោក​ស្ដាយ ដោយ​ក្ដី​សង្សា​ស្នេហា​ អាល័យ​បុត្រ​ នាំ​គ្នា​យក​​សព​បុត្រ​​ទៅ​ដុត​នៅ​ព្រៃ​ប៉ាឆា​ តាម​ប្រពៃ​ណី​ព្រាហ្មណ៍​។ អទិន្ន​បុព្វក​ព្រាហ្មណ៍​ ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក​ពុំ​សប្បាយ​ឡើយ​ តែង​ទៅ​ទួញ​យំ​សោក​នៅ​ទី​ប៉ាឆា​នោះ រាល់​ៗ​ពេល ដោយ​ក្ដី​បុត្ដ​វិយោគ​ជា​សរ​លាប​ថ្នាំ​ពិស​ មុត​ជាប់​ខ្លួន​ហោង​។
រឿង​និទាន​នេះ​ មាន​សេច​ក្ដី​ពិស្ដារ​នៅ​ក្នុង​គម្ពីរ​ព្រះ​ធម្ម​បទ​ បឋម​ភាគ​អែ​នោះ​ អញ្ជើញ​ទៅ​មើល​ចុះ​ ក្នុង​តំរាគ​តិលោក​នេះ​ ខ្ញុំ​បាន​នាំ​យក​មក​សំដែង​ដោយ​សង្ខេប​ គ្រាន់​អោយ​ឃើញ​ជា​បែប​បុគ្គល​អ្នក​កំណាញ់​ ស្រលាញ់​តែ​សម្បត្ដិ​ទុក​មិន​ហ៊ាន​ចាយ ក្ដី​អន្ដរាយ​ដល់​កូន​ដល់​ខ្លួន​ហើយ​ ក៏​នៅ​តែ​ហួង​ហែង​មិន​ចែក​បែង​បិទ​បាំង​ការ​ពារ​អន្ដរាយ​នោះ​ឡើយ​ បុគ្គល​យ៉ាង​នេះ ​ហៅ​កំណាញ់​ក្រៅ​តំរា​ មាន​ទ្រព្យ​អាសារ​អិត​ការ​អិត​ប្រយោជន៍​ ដូច​អ្នក​ខ្លះ​មាន​ទ្រព្យ​រាប់​ដល់​រយ​ពាន់​ហ្មឺន​សែន​ ទុក​ណែន​ពេញ​ទូ​ដែក​ មិន​ហ៊ាន​ចែក​ចាយ​ចំណាយ​ធ្វើ​បុណ្យ​អោយ​ទាន ​រឺ​ នឹង​ចេញ​ប្រកប​ការ​ រឺ​ក្នុង​កាល​ត្រូវ​ការ​បរិ​ភោគ​ខ្លួន​អែង​ ​យ៉ាង​នេះ​ទ្រព្យ​នោះ​ទុក​ស្មើ​ដុំ​អិដ្ឋ​ដុំ​ថ្ម​ដដែល​ ហៅ​ថា​អ្នក​ក្រ​អ្នក​តោក​យ៉ាក​វិញ​ក៏​បាន​ បុគ្គល​មាន​ទ្រព្យ​ច្រើន មិន​បាន​ចំរើន​ប្រយោជន៍​ដល់​អ្នក​ដទៃ​ រឺ​អាស្រ័យ​ខ្លួន​អែង​ ទ្រព្យ​នោះ​អែង​ប្រៀប​ដូច​ទឹក​សមុទ្រ​ ច្រើន​ផុត​វិស័យ ដែល​រស​ប្រៃ​ មនុស្ស​ផង​អាស្រ័យ​ផឹក​ស៊ី​ពុំ​បាន​ ពាក្យ​នេះ​សម​ដោយ​លំអាន​បោ​រា​ណា​ចារ្យ​លោក​ ពោល​ទុក​ក្នុង​គម្ពី​រ​លោក​និតិ​ថា៖
ធនំ អប្បម្បិ សធូនំ កុបេ វារីវ និស្សយេ ពហុមបិ អសាធូនំ ន ច វារីវ អណ្ណវេ
ប្រែថា ទ្រព្យ​របស់​សប្បុរស​ទោះ​តិច​តួច​បាន​ប្រយោជន៍​ជន​នានា​ ដូច​ទឹក​អណ្ដូង​សេ​សាប​ថ្លា​ អស់​មហា​ជន​ផង​ដឹង​អាស្រ័​យ​។ ទ្រព្យ​នៃ​អសប្បុ​រស​ទោះ​មាន​ច្រើន ពុំ​បាន​ចំរើន​អ្នក​ដទៃ​ ដូច​ទឹក​សមុទ្រ​មាន​រស​ប្រៃ មនុស្ស​ផង​អាស្រ័យ​ផឹក​ពុំ​បាន​​។
ចប់តំរាកំនាញ់ក្រៅតំរា ជាគតិទី៥៦

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad