គតិលោក ភាគ៩: រឿង៖ មនុស្សចង់ស្លាប់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៩: រឿង៖ មនុស្សចង់ស្លាប់


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងមនុស្សចង់ស្លាប់

និទាន​នេះ​មាន​ដំនាល​ក្នុង​ក្បួន​បារាំង​សែស​ មាន​បុរស​ម្នាក់​មាន​រោគ​រីង​រៃ​ស្គាំង​ស្គម​ថម​ថយ​កំលាំង​តាំង​សោយ​ទុក្ខ​វែទនា​ នឹង​និទ្រា​ក៏​ពុំលក់​ នឹង​ស៊ី​ចុក​ក៏​ពុំបាន​ រឹត​រំខាន​ពន់​ពេក​ ស្រែក​ពោល​ថា ក្ដី​ស្លាប់​អើយ​កាល​ណា​នឹង​ដល់​មក​ឆាប់​ៗ ​ស្លាប់​ទៅ​ប្រ​សើរ​ជាង​រស់​នៅ​ជា​មនុស្ស​នេះ​ រស់​នៅ​ថ្វី​មិន​ត្រូវ​នឹង​គេ​យ៉ាង​នេះ​។ ពាក្យ​ចៅ​នោះ​ហៅ​រក​ក្ដី​ស្លាប់​ មក​យក​ជីវិត​ខ្លួន​រឿយ​ៗ រឺ​មួយ​មាន​ញាតិ​ណា​ឡើង​ទៅ​សួរ​ ក៏​ពោល​ទន្ទេញ​ប្រាប់​គេ​ថា​ ចង់​តែ​ស្លាប់​ឆាប់​ៗ​ទៅ​ មិន​ចង់​រស់​នៅ​ជា​មនុស្ស​ឡើយ​។ លុះ​យូរ​បន្ដិច​មក​ រោគ​នោះ​កាន់​តែ​ប្រែ​ឈឺ​ខ្លាំង ក៏​តាំង​ស្រែក​ហៅ​ថា លោក​ព្រះ​កាល​អើយ ចូរ​មក​កាច់​ក​ផ្ដាច់​ជី​វិត​ខ្ញុំ​ទៅ​ក្នុង​កាល​អីលូវ​នេះ​។
អែ​ក្ដី​ស្លាប់​ ក៏​សំដែង​ជា​រូប​ចូល​មក​ អោយ​ចៅ​នាះ​ឃើញ​ប្រចក្ស​ ចៅ​នោះ​កាល​ដើម​ស្រែក​ហៅ​រក​ក្ដី​ស្លាប់​ នឹង​ចង់​ស្លាប់​ឆាប់​ លុះ​ឃើ​ញ​ក្ដី​ស្លាប់​ជិត​ដល់​មក​ ក៏​ភិត​ភ័យ​ស្ទុះ​ក្រោក​ស្រែក​រក​អោយ​គេ​ជួយ​ មិន​ចង់​ស្លាប់​ឡើយ​តាំង​អង្វរ​ក្ដី​ស្លាប់​អោយ​ចៀស​ចេញ​ទៅ​វិញ​ហោង​។
រឿងនេះ​ បាន​គតិ​ដល់​បុគ្គល​ទាំង​ឡាយ​ ក្នុង​លោកិយ​នេះ​ សឹង​ចង់​រស់​នៅ​តែ​រាល់​រូប​ ទោះ​រូប​វិកល​វិការ​ ខ្វាក់​ខ្វិន គ ថ្លង់ ល្ងង់​ល្ងើ រឺ ចាស់​ជរា​ វារ​លូន​ទៅ​ណា​ពុំ​រួច​ក្ដី​ ក៏​នៅ​តែ​អាល័យ​ស្ដាយ​ជីវិត​ គិត​ចង់​តែ​រស់​នៅ​មិន​ចង់​ស្លាប់​ឡើយ​ អែ​បុគ្គល​​មាន​ក្ដី​ទុក្ខ​វេទនា​មក​គ្រប​សង្កត់​យ៉ាង​ខ្លាំង​ ហើយ​ពោល​ថា​ចង់​ស្លាប់​នោះ​គឺ​ពុំ​ពិត​ទេ​ តែ​ក្ដី​ស្លាប់​ដល់​មក​ក៏​ត្រលប់​ជា​ភិត​ភ័យ​​ប្រកែក​មិន​ចង់​ស្លាប់​វិញ​ ប៉ុន្ដែ​ប្រ​កែក​ពុំ​បាន​ នឹង​អំណាច​មច្ចុ​រាជ​នោះ​អែង​។
ពាក្យ​ពោល​ថា ស្លាប់​មិន​ពិត​នោះ​ បាន​ដូច និទាន​នាង​មេ​ម៉ាយ​ម្នាក់​ នាង​នោះ​កាល​ប្ដី​ស្លាប់​ ក៏​ទួញ​យំ​អាលោះ​អាល័យ​ប្ដី​ថា «​អ្នក​ប្រុស​ប្អូន​អើយ​ អ្នក​ស្លាប់​ទៅ​ហើយ​​មក​យក​ប្អូន​ទៅ​ផង​» ពាក្យ​ដែល​នាង​មេម៉ាយ​យំ​ពណ៌​នា​យ៉ាង​នេះ​ កាល​យំ​នាង​នោះ​ឈរ​យំ​លើ​មាត់​ច្រាំង​ មាត់​ច្រាំង​នោះ​ បាក់​ក៏​ធ្លាក់​នាង​មេ​ម៉ាយ​នោះ​ ដូច​ជា​គេ​ប្រមៀល​រអិល​ទៅ​ក្នុង​ព្រែក​ នាង​នោះ​ក៏​ស្រែក​ថា «ប្អូន​មិន​ទៅ​ទេ​អ្នក​បង​អើយ​ ប្អូន​មិន​ទៅ​ទេ​» ពាក្យ​នាង​មេ​ម៉ាយ​ពោល​មិន​ពិត​ដោយ​ប្រការ​យ៉ាង​នេះ​។ ហេតុ​នោះ​បាន​ជា​ថា ក្ដី​ស្លាប់​មួយ​នេះ​ពុំ​មាន​​នរ​ណា​ថា ចង់​ស្លាប់​សោះ​ឡើយ​។ អែ​មនុស្ស​ដែល​សំលាប់​ខ្លួន​អែង​ មាន​ចង​ក​ជា​ដើម​នោះ​ នឹង​បាន​ស្លាប់​ដោយ​ចិត្ដ​ប្រក្រតី​ក៏​ទេ គឺ​ស្លាប់​ដោយ​កម្ម​និយម​ ចំំណែក​មួយ​ផ្សេង​ នឹង​បាន​ចង់​ស្លាប់​នោះ​ក៏​ទេ សឹង​ខ្លាច​ក្ដី​ស្លាប់​ដូច​គ្នា​ទាំង​អស់​ អែ​អ្នក​មិន​ខ្លាច​ក្ដី​ស្លាប់​នោះ មាន​តែ​អា​ជា​នេយ្យ​៤​ ពួក​ គឺ ដំរី​ជា​អាជា​នេយ្យ​១ សេះ​ជា​អាជា​នេយ្យ​១ គោ​អុសក​រាជ​១ ព្រះ​ខី​ណា​ស្រព​១ ត្រូវ​ជា៤​ពួក​ អ្នក​៤ពួក​នេះ តែ​ដល់​មាត់​មច្ចុ​រាជ​ហើយ ពុំ​តក់​ស្លុត​ខ្លាច​អំណាច​ក្ដី​ស្លាប់​នោះ​ឡើយ តែ​ក្រៅ​អំពី​អាជា​នេយ្យ​៤​ នេះ​ហើយ​សឹង​តក់​ស្លុត​ខ្លាច​អំណាច​មច្ចុ​រាជ ដូច​គ្នា​ទួ​ទៅ​ទាំង​ពិភព​គ្រប់​តួ​សត្វ​មនុស្ស​ហោង​។
ស្លាប់អើយក្ដីស្លាប់
មិនស្ដាប់បង្គាប់
អង្វរអ្នកណា
ទោះរាស្ដ្រទោះស្ដេច
សំរេចលោកា
រឺមានចេស្ដា
រិទ្ធានុភាព។
ទោះមានប្រាក់សូក
មិនស៊ីសំនូក
នរណាអោយលាភ
រឺមានកំលាំង
ច្បាំងតអានុភាព
អាចកិនបានរាប
រាល់រូបប្រុសស្រី។
ម្រឹតអើយម្រឹត្យូវ
ជាតិជាសត្រូវ
នៃយើងប្រក្រតី
កើតហើយមានស្លាប់
សំរាប់លោកិយ
មានតែបុរី
និព្វានមួយហោង។
ចប់តំរាមិនយ៉មស្លាប់ជាគតិទី៥៧

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad