គតិលោក ភាគ៥: រឿង៖ ប្រពន្ធគ្រប់លក្ខ័ណ៍ និងប្រពន្ធកាឡកិណី - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៥: រឿង៖ ប្រពន្ធគ្រប់លក្ខ័ណ៍ និងប្រពន្ធកាឡកិណី


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងប្រពន្ធគ្រប់លក្ខ័ណ៍ និងប្រពន្ធកាឡកិណី
មាន​បុរស​ពីរ​នាក់ ម្នាក់​មាន​ប្រពន្ធ​ជា​ស្ដ្រី​កាឡ​កិណី​ ម្នាក់​​ទៀត​មាន​ប្រពន្ធ​ជា​ស្ដ្រី​ប្រកប​ដោយ​លក្ខណា​។ ជន​ទាំង​ពីរ​ត្រកូល​នោះ​យក​គ្នា​ជា​មិត្ដ​សំលាញ់ តែង​ទៅ​មក​រក​គ្នា​ជា​និច្ច​។ ថ្ងៃ​មួយ​ចៅ​បុរស​ប្រ​ពន្ធ​មាន​ល័ក្ខណ៍ ទៅ​បាន​គង​មង្គល​អំពី​សំណាក់​ទេវតា អោយ​យក​មក​វាយ​យក​មាស​ប្រាក់​កែវ​កង សំពត់​អាវ​គ្រឿង​ឧប​ភោគ​បរិ​ភោគ​សព្វ​ប្រការ អែ​ចៅ​​មាណព​ប្រពន្ធ​ខាត​ល័ក្ខណ៍​បាន​ដឹង​ថា សំលាញ់​អាត្មា​កើត​មាន​ទ្រព្យ​សម្បត្ដិ​ ដោយ​អំណាច​គង​មង្គល​ ហើយ​​ទើប​​ទៅ​កាន់​ផ្ទះ​សំលាញ់ ហើយ​សុំ​ខ្ចី​គង​មង្គល​នោះ​ទៅ​វាយ ដើម្បី​អោយ​កើត​មាស​ប្រាក់​កែវ​កង​ដូច​គេ អែ​ចៅ​បុរស​ក៏​ព្រម​អោយ​ខ្ចី​ ហើយ​ហាម​ថា​ សំលាញ់​អែង​យក​គង​យើង​ទៅ​វាយ​នោះ គឺ​វាយ​បាន​តែ​ក្នុង​ខណៈ​៣​ដង តែ​បើ​លើស​អំពី​៣​ដង​ទៅ​ពុំ​បាន​ទេ មួយ​ទៀត​ចូរ​សំលាញ់​អែង​ រៀប​ទៀន ធូប ភ្ញីផ្កា គ្រឿង​ពិធី​អោយ​ល្អ​ប្រយ័ត្ន​មាត់​ក កុំ​អោយ​ពោល​ហួស​ប្រមាណ ចូរ​អធិដ្ឋាន​សដៅសុំ​យក​វត្ថុ​មួយ​ៗ​ទើប​សំរេច​។

ឯ​ចៅ​មាណព​នោះ ក៏​ទទួល​ពាក្យ​សំ​លាញ់​គ្រប់​ប្រការ ហើយ​កាន់​យក​គង​នោះ​លា​ទៅ​ផ្ទះ​អាត្មា មាន​សេច​ក្ដី​ត្រេក​អរ នឹង​បាន​ទ្រព្យ​សម្បត្ដិ​ក្រៃ​ពេក​ណាស់ លុះ​ទៅ​ដល់ ក៏​និយាយ​ប្រាប់​ប្រ​ពន្ធ​សព្វ​សេច​ក្ដី​ហើយ​ប្រើ​ប្រពន្ធ​រៀប​គ្រឿង​ពិធី​បូជា អែ​មេ​កាឡ​កិណី​លឺ​ប្ដី​ប្រើ​អោយ​រក​ទៀន​ ធូប លាជ​ ផ្កា ដូច្នោះ ក៏​ពុំ​ទទួល​រក​ទាំង​ពុំ​មាន​ចិត្ដ​ជឿ​គង​មង្គល​នោះ​ផង​។ អែ​ចៅ​ប្ដី​ឃើញ​ប្រពន្ធ​ខ្លួន​ពុំ​អើ​ពើ​ផង​ដូច្នោះ ក៏​ស៊ូ​ស្ងៀម​ទៅ​ តាំង​រក​ទៀន​ធូប​ដោយ​ខ្លួន​អែង​បាន​ហើយ​ ក៏​តាំង​បូជា លើក​គង​នោះ​នឹង​វាយ​យក​មាស​ប្រាក់ ដាក់​ទំលាក់​អន្លូង​ដល់​ដោះ​គង​នោះ​កាល​ណា​មេ​កាឡ​កិណី​វា​ស្រែក ដង្ហោយ​ឡើង​ថា « អង្គ​ជាតិ​អើយ​ចូល​មក​អោយ​ច្រើន​ទៅ​» និមត្ដ​តែ​ផុត​មាត់​កាល​ណា​រី​អង្គ​ជាតិ​ទាំង​ឡាយ ក៏​កើត​ឡើង​ជាប់​តាម​អវយ​វៈ​រាង​កាយ​នៃ​ចៅ​ប្ដី​នោះ ចៅ​ប្ដី​នោះ​ភិត​ភ័យ​មហិ​មា​ស្រែក​ហៅ​អោយ​ប្រពន្ធ​ជួយ​។ អែ​មេ​ប្រ ពន្ធ​ក៏​ភិត​ភ័យ ទើប​ថា​ «ចូរ​អ្នក​អែង​វាយ​គង​ឡើង​បណ្ដេញ​អោយ​វា​បាត់​ទៅ​វិញ»​។ ចៅ​ប្ដី​ក៏​ឧទ្ទិស​ថា «អង្គ​ជាតិ​អើយ ចូរ​អន្ដរ​ធាន​បាត់​អោយ​អស់​ទៅ​វិញ​ទៅ​» ថា​ហើយ​ក៏​វាយ​គង​នោះ​ជា​គំរប់​ពីរ​ដង​ឡើង និមិត្ដ​តែ​ផុត​ពាក្យ​ផុត​សូរ​គង​នោះ​កាល​ណា អែ​អង្គ​ជាតិ​ទាំង​នោះ ក៏​អន្ដរ​ធាន​បាត់​ទៅ​វិញ​ មិនបា​ត់​តែ​អង្គ​ជាតិ​ថ្មី​នោះ​ឡើយ ទាំង​អង្គ​ជាតិ​ចាស់​គឺ អង្គ​ជាតិ​កំណើត​ខ្លួន​ក៏​បាត់​ទៅ​ទាំង​អស់ បុរស​ស្ទាប​មើល​ដឹង​ថា​អង្គ​ជាតិ​កំណើត គឺ​ពូជ​ចាស់​របស់​ខ្លួន​បាត់​ទៅ​ផង​ដូច្នោះ​ក៏​ប្រាប់​ទៅ​ប្រពន្ធ​ថា គេហ៍​អើយអីលូវ​នេះ​ពូជ​ចាស់​យើង​ក៏​វា​បាត់​ទៅ​ជា​មួយ​នឹង​ពូជ​ថ្មី​នោះ​ហើយ​» មេ​ប្រពន្ធ​លឺ​ដូច្នោះ​ក៏​ភិត​ភ័យ​ខ្លាំង ទើប​ប្រាប់​ប្ដី​អោយ​វាយ​គង​ហៅ​អង្គ​ជាតិ​កំណើត​១ សំរាប់​ខ្លួន​វិញ​។

អែ​ចៅ​នោះ​ក៏​លើក​គង​ឡើង​វាយ និយាយ​ថា «គ្រឿង​ចាស់​របស់​ខ្ញុំ​អើយ ចូរ​មក​កើត​ដូច​ដើម​វិញ​» និមិត្ដ​តែ​ផុត​ពាក្យ​កាល​ណា អង្គ​ជាតិ​ចាស់​ក៏​កើត​ឡើង​ប្រាកដ​ដូច​ដើម​វិញ​ហោង​។ មេ​ប្រពន្ធ​ឃើញ​ឥទ្ធិ​រិទ្ធ​គង​មង្គល​នោះ ពូកែ​ឆុត​ឆាប់​ដូច្នោះ​ក៏​ថា «ចូរ​អ្នក​ស្វាមី​វាយ​ឡើង​ម្ដង​ទៀត​ទៅ​ ខ្ញុំ​នឹង​ឧស្ទិស​ហៅ​មាស​ប្រាក់​អោយ​មាន​ដូច​គេ​វិញ​»​។ ចៅ​ប្ដី​ថា «វាយ​ម្ដង​ទៀត​អែ​ណា​ក៏​បាន​គង​នេះ​វាយ​បាន​តែ​ត្រឹម​វារៈ ៣​ដង អីលូវ​អែង​វាយ​អស់​វារៈ​៣​ដង​ទៅ​ហើយ គឺ​វាយ​ក្នុង​កាល​បថម​នោះ ហង​អែង​ទៅ​ពាំ​នាំ​ហៅ​យក​អង្គ​ជាតិ វាយ​ទី​ពីរ​នឹង​កែ​មាត់​អង្គ​ជាតិ​ក៏​បាត់​ទៅ​ទាំង​ចាស់​ទាំង​ថ្មី វាយ​ទី​បី​ហៅ​បាន​តែ​គ្រឿង​ចាស់​ដដែល​មក​វិញ នឹង​វាយ​ទី​៤ទៀត​អែ​ណា​ក៏​បាន គ្រូ​គេ​ហាម​ផ្ដាច់​មក​ហើយ គិត​ទៅ​មេ​ហង​អែង​ជាកា​ឡ​កិណី ស្រ្ដី​អលក្ខិណា ធ្វើ​អោយ​ខូច​ពិធី​អញ​ទៅ​ហើយ ថា​ហើយ​ចៅ​នោះ​ក៏​យក​គង​មង្គល​នោះ​ទៅ​ជូន​ម្ចាស់​គេ​វិញ​ហោង​។

រឿង​និទាន​នេះ​បាន​គតិ​ដូច​បុគ្គល​គិត​ការ​មិន​ស្រុះ​គ្នា ការ​អែ​ណា​មួយ​តែ​ធ្វើ​មិន​ព្រម​ព្រៀង​គ្នា ហើយ​ការ​នោះ​មិន​សំរេច​ទៅ​បាន​ដូច​និទាន​មេ​កាឡ​កិណី​នោះ​អែង អ្នក​មាន​សតិ​បញ្ញា​គួរ​ពិចារ​ណាទៀត​ចុះ​។

ចប់តំរាកាឡកិណី និងមង្គលមិនស្រមគ្នាទី១៩


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad