គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៨
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានអ្នកស្រុកនៅមាត់សមុទ្រម្នាក់
បានទៅដងយកគី រូបដូចកំពឹសមកធ្វើកាពិ លុះបានមកក៏ដាក់នឹងកញ្ជ្រែង
ហើយយកទៅកញ្ជ្រោកលាងទឹកថ្លុកមួយនៅខាងធ្លា។ គ្រានោះមានគី១
នៅរស់ផ្ទាត់លោតចេញពីកញ្ច្រែងធ្លាក់ទៅក្នុងទឹកថ្លុកនោះអែង គីនោះក៏ហែលទឹកទៅវិញទៅមក
ក្នុងថ្លុកនោះមានសត្វកង្កែប១ នៅអាស្រ័យជាលំនៅខ្លួន
កង្កែបនោះបានឃើញគីហែលទឹកថ្លុកខ្លួនដូច្នោះ ពុំស្គាល់ថាជាសត្វអ្វី
ទើបលោតមកគំរាបគីនោះថា «ប្រស្ដែងអែងនេះ
ជាតិពីដើមតើនៅអែណា យើងមិនដែលយល់ឡើយ»។
គីនោះឃើញកង្កែបក៏ខ្លាច ទើបបង្អោនកាយនិយាយដោយពាក្យគួរថា «ខ្ញុំបាទនេះហៅថាសត្វគី អាស្រ័យនៅទីមហាសាគរ
គឺសមុទ្រព្រះតេជព្រះគុណត្រូវការសួរដោយហេតុអ្វី?។ កង្កែបក៏សួរទៅថា «អើប្រស្ដែង
ទឹកសមុទ្រសាគរនោះ ជាធំទូលាយទៅប៉ុនណា?។
គីប្រាប់ថា «ទីទឹកសមុទ្រនោះធំក្រៃពេកណាស់ មើលកោះ
មើលត្រើយមិនឃើញទេព្រះតេជព្រះគុណ
ខ្ញុំបាទនឹងជំរាបថាប៉ុណ្ណេះប៉ុណ្ណោះនោះពុំបាន»។
កង្កែបថា «មិនអីទេ ប្រស្ដែង បើជាធំណាស់
ក៏ប៉ុនថ្លុកអញនេះអែង ដែលនឹងធំហួសថ្លុកអញនេះពុំមាន អើប្រស្ដែង
មួយទៀតត្រីក្នុងសមុទ្រនោះ តើប៉ុនណាទៅហៈ។ គីប្រាប់ថា «ត្រីក្នុងសមុទ្រនោះធំៗណាស់ ព្រះតេជគុណ
ត្រីខ្លះមានខ្លួនវែង១០ ព្យាមក៏មាន ១០ហត្ថក៏មាន ធំប៉ុនភ្នំ
ប៉ុនកោះក៏មាន ខ្ញុំបាទពណ៌នាជំរាបមិនអស់ឡើយ»។
កង្កែបលឺដូច្នោះក៏ថា «អាកុហកអើយ អាកុហក អញមិនជឿទេ
បើដូច្នោះខ្លួនអាអែងនៅសមុទ្រដែរ
ម៉េចក៏មិនធំដូចពាក្យអាអែងថានោះទៅ»។
គឺលឺកង្កែបថាដូច្នោះ មិនហ៊ានប្រកែកតបតដោយក្ដីខ្លាច
ក៏ស៊ូឈប់ស្ងៀមនៅ ខំហែលជ្រក តាមកៀនថ្លុក
លាក់ខ្លួនខ្លាចកង្កែបនោះហោង។
រឿងនេះបានសេចក្ដីដល់បុគ្គលល្ងង់ខ្លៅ
ដែលបានចេះដឹងវិជ្ជាតិចតួច រឺមានទ្រព្យសម្បត្ដិតិចតួច
សំគាល់ខ្លួនថា គ្មានវិជ្ជាអែណាអោយលើសនេះទៅទៀតដែលខ្លួនមិនចេះនោះ
រឺសំគាល់ថាទ្រព្យសម្បត្ដិនេះគ្មាននរណាមានស្មើអាត្មា
លើសអាត្មាតទៅទៀត ទោះមានគេមកសរសើរពីមហាប្រទេសថា
មានអ្នកមានសម្បត្ដិបរិបូណ៌វិសេស ទាំងវិជ្ជាចំនេះក៏មាន
គេចេះច្រើនណាស់ លឺយ៉ាងនេះក៏នៅមិនជឿគេ
នៅតែអួតទ្រព្យសម្បត្ដិខ្លួន អួតចំនេះវិជ្ជាខ្លួននោះអែង។ បទកង្កែប
អួតទឹកថ្លុកនោះ សមដោយបទព្រះបាលីក្នុងលោកនិតិថា៖
អប្បសុតោ
សុតំ អប្បំ ពហុមញ្ញេតិ មានវា សន្ទុទកំ អប្បសន្ដោ កុបេ តោយំវ មណ្ឌូកោ។
ប្រែថាៈ ខ្លៅប្រៀនរៀនត្រាប់ ស្ដាប់តិចតួច សំគាល់ថាខ្លួនស្រួចចេះមិនទាល់ មិនដឹងពុទ្ធពចន៍នៅសែនសល់ ដូចកល់កង្កែបបែបកំលៅ។ នៅក្នុងអន្ដូងរន្ដៅទាល់ មិនដែលទៅស្គាល់សមុទ្រជ្រៅ សំគាល់អន្ដូងដែលខ្លួននៅ ថាជ្រៅថាធំលើសនានា។
ចប់តំរាអ្នកខ្លៅដៅខ្លួនថាចេះអស់ ជាគតិទី៤៩
ប្រែថាៈ ខ្លៅប្រៀនរៀនត្រាប់ ស្ដាប់តិចតួច សំគាល់ថាខ្លួនស្រួចចេះមិនទាល់ មិនដឹងពុទ្ធពចន៍នៅសែនសល់ ដូចកល់កង្កែបបែបកំលៅ។ នៅក្នុងអន្ដូងរន្ដៅទាល់ មិនដែលទៅស្គាល់សមុទ្រជ្រៅ សំគាល់អន្ដូងដែលខ្លួននៅ ថាជ្រៅថាធំលើសនានា។
ចប់តំរាអ្នកខ្លៅដៅខ្លួនថាចេះអស់ ជាគតិទី៤៩
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment