គតិលោក ភាគ៨: រឿង៖ ទន្សាយ និងផ្លែព្នៅ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៨: រឿង៖ ទន្សាយ និងផ្លែព្នៅ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងទន្សាយ និងផ្លែព្នៅ
មាន​សត្វ​ទន្សាយ​មួយ​ ទៅ​ដេក​នៅ​ក្រោម​ដើម​ព្នៅ ​ទៀប​ទី​ជើង​ដំបូក​មួយ​ ថ្ងៃ​នោះ​មាន​ផ្លែ​ព្នៅ​មួយ​ទុំ ដល់​ពេល​ព្រឹក​ក៏​ជ្រុះ​ ធ្លាក់​ចាក​ទង​ដល់​ដី​ សព្ទ​សូរ​លឺ​ប្រោក​ដោយ​ខ្ទរ​ព្រៃ​។ អែ​ទន្សាយ​លឺ​ហើយ​ ក៏​ភិត​ភ័យ​ដោយ​គិត​ថា​ផែន​ដី​ស្រុត​ ទើប​ស្ទុះ​​ក្រោក​រត់​ចេញ​ទៅ​ដោយ​កំលាំង​ផ្អើល​ បោល​បោះ​ផ្លោះ​ទៅ​ដល់​សំណាក់​​នៃ​​គោ ​ៗ​ស្រែក​សួរ​ថា «ទន្សាយ​អើយ​ ចៅ​រត់​ខ្លាំង​ម៉្លេះ​ តើ​ដោយ​មាន​ការ​អ្វី​? ​» ទន្សាយ​ប្រាប់​ថា​ «​បង​គោ​អើយ​! ផែន​ដី​ស្រុត​ហើយ​ នៅ​នេះ​ពុំ​បាន​ទេ ទៅ​អោយ​ឆាប់​ៗ​»​ គោ​លឺ​ដូច្នោះ​ ក៏​ភិត​ភ័យ​ស្ទុះ​បោល​ទៅ​ជា​មុន​នៃ​ទន្សាយ​ លុះ​បោល​ទៅ​ដល់​សំណាក់​ជ្រូក​ ក្ដាន់​ ៗ​ ក៏​ផ្អើល​រត់​ទៅ​តាម​គោ​ៗ​ បោល​ទៅ​ដល់​សំណាក់​ដំរី​ ៗ​ ឃើញ​គោ​បោល​មក​ក៏​សួរ​ថា «គោ​អែង​បោល​ដោយ​មាន​ការ​អ្វី​?​។ គោ​ថា «នៅ​នេះ​ពុំ​បាន​ទេ មហា​ភ័យ​នឹង​កើត​មាន​ដល់​ពួក​យើង​ហើយ​»។​ ដំរី​លឺ​ដូច្នោះ​ហើយ​ ក៏​ភិត​ភ័យ​ផ្អើល​ស្ទុះ​រត់​ទៅ​មុន​នៃ​គោ បាន​ដល់​សំណាក់​រាជសីហ៍​ បរម​ពោធិ​សត្វ​ ជា​សត្វ​ប្រកប​ដោយ​សតិ​បញ្ញា​ កាល​បាន​យល់​ ពួក​សត្វ​ចតុប្បាទ​ផ្អើល​រត់​ចលា​ចល​ដូច្នោះ​ ក៏សួរ​​ទៅ​ដំរី​ថា «ប្រ​ស្ដែង​ដំរី​ អែង​ផ្អើល​រត់​មក​ តើ​ព្រោះ​ដំណើរ​អ្វី​?​។ ដំរី​ថា ខ្ញុំ​នេះ​មិន​ដឹង​ដំណើរ​អ្វី​ទេ ​ឃើញ​តែ​គោ​បោល​ក៏​រត់​តាម​គោ​មក​ ដោយ​លឺ​ថា មហា​ភ័យ​ដល់​ហើយ​»​
ពោធិ​សត្វ​ក៏​សួរ​ទៅ​គោ​វិ​ញ​ថា «ប្រស្ដែង​គោ​អែង​នាំ​គេ​រត់​មក​នេះ​តើ​ដោយ​ហេតុ​អ្វី​?​។ គោ​តប​ថា​ «ខ្លួន​ខ្ញុំ​បាទ​​ក៏​ពុំ​ដឹង​ហេតុ​អ្វី​ ឃើញ​តែ​ជ្រូក​ក្ដាន់​ផ្អើល​រត់​ ក៏​រត់​តាម​គេ​មក​»​។ ពោធិ​សត្វ​សួរ​ជ្រូក​ក្ដាន់​ ៗ​ក៏​ប្រាប់​ថា មិន​ដឹង​ដូចគ្នា​ តែ​អ្នក​ដែល​ផ្ដើម​នាំ​រត់​នោះ​ គឺ​សត្វ​ទន្សាយ​នេះ​អែង​ជា​មុន​បង្អស់​។ រាជសីហ៍​ពោធិ​សត្វ ក៏​សួរ​ទន្សាយ​ ៗ​ ប្រាប់​ថា​​ខ្ញុំ​បាទ​ក៏​ពុំ​ច្បាស់​ហេតុ​ភ័យ​នោះ​ មិន​ដឹង​ជា​សព្ទ​សូរ​អ្វី​ គឺ​កាល​ខ្ញុំ​បាទ​ដេក​នៅ ជើង​ដំបូក​ ដែល​មាន​ដើម​ព្នៅ​មួយ​ដើម​ដុះ​នៅ​ខាង​ កំពុង​និទ្រា​​លក់​ស្រួល​ស្រាប់​តែ​លឺ​សូរ​សន្ធឹក​អ្វី​ប្រោក​ខ្ជោក​ ខ្ទរ​ផែន​ដី​ខ្ទប់​ដល់​ត្រចៀក​ខ្ញុំ​បាទ​ ៗ​ ភិត​ភ័យ​កត្កមា​ ហាក់​ដូច​ជា​ផែន​ដី​ស្រុត​ទ្រាម​ទ្រុឌ​ រឺ​ កក្រើក​រំពើក​ញាប់​ញ័រ​ជា​ប្រាកដ​ ហេតុ​នោះ​ បាន​ជា​ខ្ញុំ​បាទ​រត់​ចេញ​មក​នេះ​ សូម​អ្នក​រាជសីហ៍​ជ្រាប​ហោង​»​
ពោធិ​សត្វ​លឺ​ទន្សាយ​អធិប្បាយ​ដូច្នោះ​ ពិចារណា​ដោយ​បញ្ញា​ត្រិះ​រិះ​អាការ​សំលេង​នោះ​ ក៏​ជ្រាប​ការ​អិត​សង្ស័យ​ ទើប​ប្រស័យ​ទៅ​ថា «អ្នក​អែង​អស់​នេះ​ជា​សត្វ​អិត​សតិ​បញ្ញា​ ហៅ​ថា​ជា​សត្វ​គំនិត​ស្រាល​ កាល​លឺ​អ្វី ឃើញ​អ្វី មិន​ទាន់​ច្បាស់​នឹង​ ចក្ខុ​បញ្ញា​របស់​ខ្លួន​ ក៏​គិត​ស្មាន​ប្រមាណ​ ហើយ​ភ្ញាក់​ផ្អើល​ភិត​ភ័យ​តាម​គ្នា​ នាំ​អោយ​លំបាក​កាយ​ អស់​កំលាំង​ទទេ​យ៉ាង​នេះ​ យើង​គិត​ទៅ​យល់​ហើយ​ រឿង​សព្ទ​សូរ​ប្រោក​ខ្ជោក​នោះ​ មិន​មែន​អ្វី​ទេ គឺ​ផ្លែ​ឈើ​ធ្លាក់​ចាក​ទង​នោះ​អែង​ជា​ប្រាកដ​ ដូច្នេះ​ ចូរ​ចៅ​ទន្សាយ​អែង​នាំ​យើង​ទៅ​មើល​ទី​នោះ​»​។ អែ​ទន្សាយ​ក៏​នាំ​ពោធិ​សត្វ​ទៅ​ត្រង់​ទី​ជើង​ដំបូក​ដែល​ខ្លួន​ដេក​នោះ​ពោធិ​ សត្វ ​ដើរ​មើល​ទី​នោះ​ ក៏​បាន​ឃើញ​ផ្លែ​ព្នៅ​ទុំ​មួយ​យ៉ាង​ធំ​ ដែល​ទើប​នឹង​ជ្រុះ​មក​ថ្មី​ៗ​នៅ​ទី​នោះ ទើប​ប្រាប់​អស់​សត្វ​ទាំង​ឡាយ​ មាន​ទន្សាយ​ជា​ដើម​អោយ​ចូល​ចិត្ដ​ថា មហា​ភ័យ​ដែល​កើត​ដល់​អ្នក​អែង​រាល់​គ្នា​នេះ​ គឺ​ផ្លែ​ព្នៅ​ទុំ​មួយ​នេះ​អែង យើង​រក​ឃើញ​ហើយ​។ អែ​សត្វ​ទាំង​ឡាយ​បាន​ដឹង​ហេតុ​ដើម​ គឺ​រាជសីហ៍​រក​ឃើញ​ហើយ​ ក៏​នាំគ្នា​អោយ​សព្ទ​សាធុ​ការ​ដល់​ពោធិ​សត្វ​ ហើយ​ត្មះ​តិះ​ដៀល​ខ្លួន​អែង​ដោយ​អិត​សតិ​បញ្ញា​ នឹង​ពិចា​រណា​ការ​អ្វី​ៗ គ្រាន់​តែ​លឺ​គេ​ រឺ​ឃើញ​តែ​គេ​ផ្អើល​ មិន​សាក​សួរ​ហេតុ​អោយ​ច្បាស់​ការ​នោះ​ជា​មុន​សិន​ មិន​ដឹង​ថា​ជា​អ្វី ក៏​គិត​ភ័យ​ផ្អើល​ ឆោ​ឡោ​ចលា​ចល​ឡើង​ នាំ​អោយ​ខូច​កំលាំង​ខូច​ប្រយោជន៍​អាត្មា​ទីទៃ​ៗ​ សត្វ​ទាំង​ឡាយ​នាំ​គ្នា​សរ​សើរ​ពោធិ​សត្វ​ហើយ​ក៏​លា​ពោធិ​សត្វ​ទៅ​កាន់​លំ​នៅ​នៃ​អាត្មា​ទី​ ទៃ​ៗ​ហោង​។
រឿងនិទាននេះ មានសេចក្ដីពិស្ដារក្នុងគម្ពីរដិការមហាសមយសូត្រអែនោះ អ្នកប្រាជ្ញគប្បីចូលចិត្ដចុះ។ រឿងនិទាននេះ បានគតិដល់បុគ្គលអ្នកមានគំនិតស្រាល ដាលជឿគេ គ្មានគិតគ្នេររេរិះអោយដឹងដើមដឹងចម គ្រាន់តែលឺគេក៏បន្ដោយផ្អើ លរត់ទៅ បាននូវក្ដីក្ដៅក្រហាយ ដូចពួកសត្វចតុប្បាទទាំងឡាយផ្អើលតាមទន្សាយនោះអែង អ្នកប្រាជ្ញគប្បីចូលចិត្ដទៀត ចុះ។
ទន់អើយទន្សាយ
ព្នៅធ្លាក់ជិតកាយ
ហ្មាយថាដីស្រុត
មិនមើលអោយជាក់
ទៅភ្ញាក់តក់ស្លុត
រត់ស្ទើរនឹងផុត
អស្វាតបស្វាត។
ខំបោលខំបោះ
ហាក់ដូចគេហោះ
នាំសត្វចតុប្បាទ
អោយផ្អើលគ្រប់ប្រាណ
រត់ពានព្រៃស្បាត
មិនដឹងដើមអាទិ៍
ខ្មោចព្នៅវាលង។
ចប់តំរាកោលាហលអិតយោបល់ ជាគតិទី៥២
ចប់ភាគទី៨ តែប៉ុណ្ណេះ។

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad