គតិលោក ភាគ៨: រឿង៖ ចៅទ្រិសបានប្រពន្ធក្នុងវាំង - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៨: រឿង៖ ចៅទ្រិសបានប្រពន្ធក្នុងវាំង


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងចៅទ្រិសបានប្រពន្ធក្នុងវាំង
មាន​បុរស​ម្នាក់​ឈ្មោះ​ចៅ​ទ្រិស​ ជា​ជាតិ​អ្នក​ស្រុក​ចំការ​លើ​ បាន​មក​នៅ​ក្នុង​ព្រះ​នគរ​ ហើយ​បាន​ស្រី​ពួក​អស់​អ្នក​ក្នុង​វាំង​ជា​ភរិយា​ អែ​នាង​ភរិយា​នោះ​ តែ​ប្ដី​ផុត​ធុរៈ​ការ​កាល​ណា​​តែង​ប្រ​ដៅ​ប្ដី​អោយ​រៀន​ពាក្យ​ភាសា​រាជ​សព្ទ​រឿយ​ៗ​ ព្រោះ​ខ្លួន​នៅ​​បំរើ​ពួក​រាជ​ត្រកូល​ក្នុង​វាំង​ អែ​ចៅ​ទ្រិស​អុស្សាហ៍​ទន្ទេញ​រាជ​សព្ទ​ចាំ​បាន​ស្ទាត់​គ្រប់​សព្ទ​ តែ​ពុំ​មាន​ប្រាជ្ញា​នឹង​គិត​ថា សព្ទ​អស់​នេះ​ និយាយ​បាន​តែ​ចំពោះ​រាជ​ត្រកូល​មួយ​នោះ​ក៏​ទេ​ គិត​សំគាល់​ថា សព្ទ​អស់​នោះ​និយាយ​បាន​ទូ​ទៅ​ទាំង​អស់​គ្រប់​មនុស្ស​ លុះ​នៅ​យូរ​មក​ មាន​កាល​ថ្ងៃ​មួយ​ចៅ​ទ្រិស​ទៅ​រក​នេសាទ​ត្រី​ក្នុង​ទន្លេ​ បាន​ហើយ​ក៏​ដាក់​ទូក​ចែវ​ចូល​ទៅ​លក់​នៅ​ នាក់​កំពង់​ផ្សារ​ត្រី​ ហើយ​ស្រែក​ពពាយ​នាយ​ថា​ «អឺ​អស់​លោក​អ្នក​ទាំង​អស់​គ្នា​ សូម​អញ្ជើញ​យាង​ចុះ​មក​ទិញ​មច្ឆា​យក​ទៅ​ ធ្វើ​ក្រយា​ស្ងោយ​សោយ​តាម​ក្ដី​ប្រាថ្នា​»​
អែ​បណ្ដា​អ្នក​កំពង់​ទាំង​ឡាយ​ក៏​នាំ​គ្នា​ទៅ​ទិញ​ត្រី​សួរ​ថ្លៃ​ថា​ «អា​នេះ​តើ​ថ្លៃ​ប៉ុន្មា​ន​?​។ ចៅ​ទ្រិស​ក៏​ប្រាប់​ថា «អា​នេះ​នៅ​មាន​ព្រះ​ជន្ម​ ថ្លៃ​វា​ពីរ​តំលឹង​ អានោះ​ទើប​តែ​នឹង​សោយ​ព្រះ​វិលា​ល័យ​ក្ស័យ​ព្រះ​ជន្មា​ ថ្លៃ​វា​តែ​មួយ​ដំលឹង​ពីរ​បាទ​ទេ​ អា​នោះ​បែក​ព្រះ​សិរ​ ចេញ​ព្រះ​លោ​ហិត​នៅ​ស្រស់​ៗ​ ថ្លៃ​វា​តែ​ប្រាំ​បាទ​ទេ​ ទ្រង់​អញ្ជើញ​ទិ​ញ​យក​ចុះ​។ អែ​មហា​ជន​ទាំង​ឡាយ​បាន​លឺ​ចៅ​នោះ​និយាយ​រាជ​សព្ទ​ដូច្នោះ​ អ្នក​ខ្លះ​សើច​ អ្នក​ខ្លះ​ហាម​ថា​កុំ​និយាយ​យ៉ាង​ហ្នឹង​ ជា​ទី​រំខាន​ត្រ​ចៀក​អ្នក​នគរ​ណាស់​ អែ​ចៅ​ទ្រិស​មិន​ស្ដាប់​ មិន​តាម​គេ​បង្គាប់​ ចេះ​តែ​និយាយ​រាជ​សព្ទ​នោះ​ដដែល​។ គ្រា​កាល​នោះ​ មាន​ចៅ​ម្នាក់​រំខាន​ត្រចៀក​ខ្លាំង​ណាស់​ អត់​ពុំ​បាន​ ក៏​ក្រោក​ទៅ​ទះ​មាត់​ចៅ​ទ្រិស ​ៗ ខឹង​ហើយ​និយាយ​ទៅ​វា​ «អ្នក​អែង​ទិញ​ត្រី ហេតុ​អ្វី​ក៏​យក​ព្រះ​ហត្ថ​មក​ទះ​ព្រះ​អោស្ឋ​ខ្ញុំ​យ៉ាង​នេះ​ បើ​អ្នក​អែង​មិន​​ទ្រង់​ទិញ​ក៏​តាម​ព្រះ​រាជ​ហរិ​ទ័យ​ចុះ​អេះ​»​។ អ្នក​ដែល​ទះ និង​អ្នក​ទិញ​ទាំង​អស់​នោះ លុះ​បាន​លឺ​ពាក្យ​ចៅ​នោះ​ពោល​ដូច្នោះ​ ក៏​នាំ​គ្នា​សើច​កង​រំពង​ឡើង​ ហើយ​​ត្មះ​តិះ​ដៀល​ថា «​អ្នក​អែង​នេះ​ជា​មនុស្ស​មិន​ដឹង​ប្រមាណ​ក្នុង​ពាក្យ​និយាយ​ គួរ​រឺ​រាជ​សព្ទ​នេះ​ សំរាប់​និយាយ​តែ​ក្នុង​រាជ​ត្រកូល​មាន​ស្ដេច​គ្រង​រាជ​ជា​ដើម​ មិន​ដែល​មាន​អ្នក​យក​មក​និយាយ​លាយ​​រាស្រ្ដ​សព្ទ​ស្ដាប់​រំខាន​ត្រ​ចៀក​យ៉ាង​នេះ​ទេ នែ​ចៅ​អើយ​ ចៅ​អែង​កុំ​ថ្លែង​ពាក្យ​ស្ដេច​បញ្ចូល​នឹង​ពាក្យ​រាស្រ្ដ​ត​ទៅ​ទៀត​ឡើយ​។
អែ​ចៅ​ទ្រិស​លុះ​បាន​លឺ​គេ​ត្មះ​តិះ​ដៀល​ដូច្នោះ​ ក៏​នឹក​ខឹង​មហិមា​ តែ​មិន​ហ៊ាន​ថា​អ្វី​ត​នឹង​គេ​ទៅ​ទៀត​ ខំ​ឆ្លៀត​លក់​ត្រី​ទាល់​តែ​អស់​ ហើយ​ក៏​ចែវ​ទូក​វិល​ទៅ​ផ្ទះ​ ដល់​ហើយ​ក៏​បន្ទោស​ប្រពន្ធ​ថា «​អើ​ម៉ែ​អា​ទូច អែង​បង្ហាត់​អញ​អោយ​រៀន​រាជ​សព្ទ​​នោះ​អញ​ខំ​ទន្ទេញ​ទំ​រាំ​ចាំ​ចេះ​បាន​ អញ​នឹក​ស្មាន​ថា​រាជ​សព្ទ​នោះ​ ជា​ពាក្យ​ខ្ពង់​ខ្ពស់​ពាក្យ​ពីរោះ​ អីលូវ​ត្រលប់​ជា​មាន​គ្រោះ​ អោយ​គេ​គោះ​មាត់​សឹង​នឹង​បែក​» ថា​ហើយ​ក៏​នាំ​សេច​ក្ដី​ ដែល​ខ្លួន​ទៅ​លក់​ត្រី បាន​ពោល​រាជ​សព្ទ​ ត្រូវ​អ្នក​ផ្សារ​គេ​ទះ​មាត់​ ឃាត់​មិន​អោយ​និយាយ​នោះ ​មក​សារ​សព្ទ​ប្រាប់​នាង​ប្រ​ពន្ធ​សព្វ​ប្រការ​។
អែ​នាង​ភរិយា​ដឹង​ការ​ដូច្នោះ​ក៏​សើច​ញឹម​ៗ ហើយ​ថា «ខ្ញុំ​អោយ​រៀន​រាជ​សព្ទ​ទុក​សំរាប់​និយាយ​តែ​ក្នុង​រាជ​ត្រកូល​ទេ នឹង បាន​អោយ​ទៅ​និយាយ​លាយ​នឹង​រាស្រ្ដ​សព្ទ​ គឺ​ភាសា​រាស្រ្ដ​នោះ​កាល​ណា​ ខ្ញុំ​នឹក​ស្មាន​ថា​អ្នក​ចូល​ចិត្ដ​សេច​ក្ដី​អស់​ហើយ​ បាន​ជា​មិន​ហាម​អ្នក​ក្នុង​កាល​និយាយ នឹង រាស្រ្ដ​ដូច​គ្នា​នោះ​ អើ​ពី​ថ្ងៃ​នេះ​ទៅ​ ចូរ​អ្នក​ចាំ​ទុក​ចុះ​ បើ​បាន​ចូល​ទៅ​គាល់​ហ្វៅ​ព្រះ​បរម​រាជា​ សឹម​អ្នក​និយាយ​រាជ​សព្ទ​នេះ​ បើ​និយាយ​នឹង​រាស្រ្ដ​ដូច​គ្នា​ទេ ត្រូវ​និយាយ​រាស្រ្ដ​សព្ទ​ តាម​ធម្មតា​រាស្រ្ដ​ទៅ​ចុះ​»​
រឿង​នេះ​ បាន​គតិ​ដល់​អ្នក​ឆោត​អ្នក​ទិដ្ឋិ​​ប្រកាន់​តំរា​ដើម​ ដែល​ខ្លួន​បាន​រៀន​មក​ ពុំ​ដឹង​វិធី​តំរា​នោះ​ជា​គេ​ប្រើ​ក្នុង​សម័យ​ណា​ ចេះ​តែ​ប្រើ​ទូទៅ​ផ្ដាស​ បាន​ក្ដី​ខុស យ៉ាង​ចៅ​ទ្រិស​នោះ​អែង​ មួយ​ទៀត​ដូច​អ្នក​ប្រៀន​ពួក​ខ្លះ​ បាន​រៀន​ភាសា​បាលី​ចាំ​ចេះ​ ហើយ​ប្រកាន់​ភាសា​បាលី​តែ​ក្នុង​ភាគ​មួយ​ គឺ​ភាសា​បាលី​នោះ​លោក​អាន​ពោល​ឡើង​សឹង​ដាក់​តួ​ការន្ដ​ពេញ​តួ​ស្រៈ​ទាំង ​៨​ដូច​សព្ទ​ថា សុខៈ​ មុខៈ​ សប្បាយៈ​ បទៈ​ និមន្ដៈ ​សម្បត្ដិ​ ជាតិ​ ធាតុ​ ហេតុ​ យ៉ាង​នេះ​ជា​ដើម​ ដល់​មក​និយាយ​លាយ​នឹង​ភាសា​ ខ្មែរ​យើង បុរាណ​លោក​អាន​ចោល​អកា​រន្ដ​ អិកា​រន្ដ អុ​កា​រន្ដ បង់​ចេញ​ លោក​អាន​តួ​សង្កត់​ខ្យល់​ សុខ​ សប្បាយ​ និមន្ដ​លោក​ កើត​ហេតុ​ អ្នក​មាន​សម្បត្ដិ​យ៉ាង​នេះ​ជា​ដើម​វិញ​ អ្នក​រៀន​ខ្លះ​ប្រកាន់​តែ​តាម​សព្ទ​មាន​កា​រន្ដ​ ក្នុង​កាល​ពោល​ពាក្យ​ ដូច​ក្នុង​បទ​ប្រយោគ​ថា​ អ្នក​អែង​កាល​បួស​ជា​សាម​ណេរ​ នៅ​វត្ដ​បទុម​នោះ​ ជា​ធម្មយុត្ដិ​ រឺ​ជា​មហា​និកាយ​ នៅ​សុខ​សប្បាយ​ជា​ទេ​ គេ​និមន្ដ​លោក​សង្ឃ​ទៅ​សូត្រ​មន្ដ​ អោយ​លោក​សូត្រ​បទ​ផ្ចាញ់​មារ​ ក្នុង​ការ​ធ្វើ​បុណ្យ​សាង​កុសល​ យក​មគ្គ​ផល​ទៅ​អនាគត​ ខាង​មុខ​ពាក្យ​បាលី​ ចូរ​និយាយ​លាយ​យ៉ាង​នេះ​លោក​ពោល​ចោល​ការន្ដ​អស់​ ហើយ​ខ្លួន​ទៅ​ពោល​ថា អ្នក​អែង​កាល​បួស​ជា សាម​ណេរៈ​ នៅ​វត្ដ​បទុមៈ​នោះ​ ជា​ធម្ម​យុត្ដិ​ រឺ​ជា​មហា​និកាយៈ​ នៅ​សុខៈ ​សប្បាយៈ​ ជា​ទេ​ គេ​និមន្ដៈ​ លោក​សង្ឃ​ទៅ​សូត្រ​ មន្ដៈ​ អោយ​លោក​សូត្រ​បទៈ​ ផ្ចាញ់​មារៈ​ ក្នុង​កាលៈ​ ធ្វើ​បុញ្ញៈ ​សាង​កុសលៈ​ យក​មគ្គៈ​ ផលៈ​ទៅ​អនាគតៈ​ ខាង​មុខៈ​ ពោល​យ៉ាង​នេះ​តាម​ភាសា​បាលី​ ត្រូវ​ហើយ​តែ​ខុស​គេ​ក្នុង​នគ​រ​ គេ​ស្ដាប់​កាល​ណា គេ​រំខាន​ត្រចៀក​គេ​ដូច​គ្នា​ នឹង​និទាន​ចៅ​ទ្រិស​ ពោល​រាជ​សព្ទ​ក្នុង​ប្រ​ជុំ​ជន​បាន​នូវ​ក្ដី​ត្រូវ​គេទះ​មាត់​នោះ​អែង​ អ្នក​មាន​បញ្ញា​គប្បី​ពិចា​រណា​ទៅ​ទៀត​ចុះ​។
ទ្រិសអើយចៅទ្រិស
ទិដ្ឋិជារិស
ដុះជាប់សន្ដាន
មិនប្រែមិនស្រប
សំរបភាសា
ប្រកាន់តំរា
ភរិយាគ្រូអាទិ៍។
មិនស្គាល់សម័យ
រូបគួរប្រស្រ័យ
ចរចាតាមជាតិ
ទៅពោលខុសកាល
ដាលកើតវិវាទ
ត្រាមាត់ត្រូវពាធ
នឹងដៃអ្នកលេង។
ចប់តំរាប្រើសព្ទខុសសម័យ ខុសរូប ជាគតិទី៥១

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad