គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
និទាននេះមានដំនាលក្នុងរឿងបារាំងសេស
មានសត្វស្កាពីរ ស្កាមួយទទួលស៊ីតែសត្វជើងបួន
ស្កាមួយទទួលស៊ីតែសត្វស្លាប។ អែស្កាស៊ីសត្វស្លាប
ដើរស្វែងរកអាហារបានឃើញសត្វប្រចៀវមួយទំសំយុងខ្លួននៅអាងភ្នំ
ក៏ស្ទុះទៅចាប់ប្រចៀវនោះបាន ហើយពោលថាអញរកតែសត្វស្លាបនឹងស៊ី
អីលូវបានសត្វស្លាបសមក្ដីប្រាថ្នាអញហើយ។
ប្រចៀវបានលឺស្កាថាដូច្នោះ ក៏ពោលឡើងថា «ខ្ញុំនេះនឹងបានជាពួកសត្វស្លាប
ជាអន្ឌជៈ កំណើតកើតដោយស៊ុតក៏ទេ ខ្ញុំនេះជាពួកកន្ដុរសត្វជើងបួន
ជាជលម្ពុជៈ កំណើតទេតើ បើអ្នកមិនជឿខ្ញុំ អញ្ជើញមើលមុខខ្ញុំចុះ
មុខខ្ញុំជាកន្ដុរ មានស្លឹកត្រចៀកទាំងពីរដូចកន្ដុរនោះអែង
ដែលខ្ញុំហើរបាននោះ គឺហើរដោយស្បែក
នឹងបានជាសត្វស្លាបមានរោមដូចបក្សីកាលណា»។
ស្កាលឺដូច្នោះ ក៏គន់មើលមុខប្រចៀវ យល់ដូចមុខកន្ដុរមែន
ទើបថាអញនេះខុសសញ្ញាខ្លួនហើយ ថាហើយក៏លែងប្រចៀវអោយហើរទៅ
អាត្មាអែងក៏ទៅស្វែងរកអាហារនាទីអែទៀតហោង។
ប្រច្រៀវនោះបានរួចពីមាត់ស្កាហើយ
ក៏ហើរទៅទំសំយុងចុះនៅជ្រុងថ្មមួយ។ ក្នុងថ្ងៃនោះស្កាដែលប្រកាន់ស៊ីសត្វជើងបួន
ដើរស្វែងរកអាហារ លុះមកដល់ទីជ្រុងថ្មបានឃើញប្រចៀវនោះ
ក៏ស្ឋុះលោតទៅចាប់បាន ហើយពោលថា អញរកតែសត្វកណ្ដុរជាតិសត្វជើងបួន
អីលូវបានវាសមក្ដីប្រថ្នាហើយ អញនឹងស៊ីវាអីលូវនេះ។ ប្រចៀវឆ្លើយថា «ខ្ញុំនេះនឹងបានជាកណ្ដុរពួកសត្វជើងបួនកាលណា
ខ្ញុំជាសត្វបក្សាជើងពីរទេ ចូរអ្នកមើលស្លាបមើលជើងខ្ញុំចុះ
បើអ្នកមិនជឿអ្នកលែងខ្ញុំ អោយហើរមើលទៅ»។
ស្កាក៏គន់មើលឃើញស្លាបឃើញជើងពីរ ដូចពាក្យប្រចៀវពោលមែន
ទើបលែងប្រចៀវនោះបង់ ហើយក៏ចេញទៅរកអាហារក្នុងទីអែទៀតហោង។
រឿងនេះ
បានគតិដល់បុគ្គលអ្នកគេចកែប្រែក្នុងកាលដែលគេប្រើ
រឺក្នុងកាលគេឃោសនាយកអ្វីៗដូចយ៉ាងចៅជ្វាម្នាក់តាំងលំនៅក្នុងភូមិខ្មែរ
ថ្ងៃមួយមានរាជការអោយកេណ្ឌយកពួកជ្វាទៅចែវទូកប្រណាំង
ចៅនោះគេចកែថា ខ្ញុំបាទនេះជាខ្មែរទេ
បើលោកមិនជឿអញ្ជើញមើលរូបខ្ញុំបាទចុះ
ខ្ញុំបាទនឹងបានកោរក្បាលពាក់កន្ដិបស្លៀកសារុងកាលណា
ខ្ញុំបាទស្លៀកពាក់ជាខ្មែរ ដូចខ្មែរទាំងឡាយក្នុងស្រុកនេះដែរ។
នាយកំណែនលឺដូច្នោះ ក៏លែងកេណ្ឌចៅនោះ ៗក៏រួចខ្លួនហោង។
លុះយូរមករាជការអោយកេណ្ឌយកខ្មែរបររទេះជូនអាជ្ញាហ្លួង
គេទៅរកកេណ្ឌចៅនោះ ៗនោះគេចកែប្រែថា ខ្ញុំបាទនេះជាជាតិជ្វាចាមទេ
នឹងបានជាខ្មែរកាលណា បើលោកមិនជឿខ្ញុំបាទក្រែងខ្ញុំបាទកុហក ខ្ញុំបាទហ៊ានបង្ហាញ
របស់កំបាំងខ្លួន ជូនលោកមើលជាសាក្សី។
នាយកំណែនលឺដូច្នោះក៏លែងកេណ្ឌចៅនោះ ៗរួចកំណែនបរទេះនោះហោង។
លុះដល់ពួកតុកទួនជ្វាគេឃោសនាបណ្ដាជ្វាដូចគ្នា
យកប្រាក់សាងសារ៉ាវ ចៅនោះគេចកែថាខ្លួនខ្មែរទេ នឹងចេញប្រាក់ធ្វើបុណ្យជ្វាដូចម្ដេចបាន
បើសាសន៍ខុសគ្នាយ៉ាងនេះ
លុះនៅយូរមកមានពួកបុរសខ្មែរគេទៅឃោសនាចៅនោះអោយ
ចេញប្រាក់សាងព្រះវិហារ ចៅនោះក៏គេចកែប្រែថាខ្លួនជាជ្វាទេ
នឹងចេញប្រាក់ធ្វើបុណ្យដូចម្ដេចបាន បើសាសន៍ខុសគ្នាយ៉ាងនេះ។
មនុស្សគេចកែប្រែប្រកបទៅតាមពួក
ចូលទៅក្នុងសំណាក់ពួកណា ក៏ឆ្លើយថាខ្លួនជាពួកនោះដែរ
ប្រចុបប្រចែងតែងកល យកលាភក្នុងពួកនោះៗ យ៉ាងនេះក៏មាន
អញ្ជើញប្រាជ្ញគិតតទៅទៀតចុះ។
|
ប្រអើយប្រចៀវ
|
ចេះគេចចេះកៀវ
|
ចេះកែប្រែជាតិ
|
|
ចោទថាបក្សា
|
ឆ្លើយចតុប្បាទ
|
បំណងស្កាខាត
|
|
ខានបរិភោក្ដា។
|
||
|
ក្រោយចោទចតុប្បាទ
|
កែប្រែជាជាតិ
|
សកុណបក្សា
|
|
ស្កាស្កុនខានស៊ី
|
ខុសទីសញ្ញា
|
ផ្លូវពីរយាត្រា
|
|
តាមតែនឹងត្រាប់
|
ចប់តំរាគេចខ្លួន
ជាគតិទី៥៣
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment