ស្រីហិតោបទេស សន្ដិភាព ភាគទី៤
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៦ រឿងកុកនិងក្ដាមក
នៅក្នុងមាលវប្រទេស
មានត្រពាំងមួយឈ្មោះបទ្មគភ៌ៈ ជាទីអាស្រ័យគោចរនៃកុកចាស់មួយ។
កុកនោះខ្សោយកំលាំងនឹងស្វែងរកចំណីអាហារបរិភោគមិនបានដោយស្រួល
ក៏ពុតធ្វើជាព្រួយទុក្ខលំបាកអោយគេឃើញ។ ក្ដាមមួយនៅកែ្បរនោះ
ឃើញកុកសំកុកជ្រប់ដូច្នោះក៏សួរទៅថាៈ «ហេតុអ្វីក៏លោកឈរសញ្ជប់សញ្ជឹងនៅព្រងើយ លះបង់មិននាំពាក្នុងការស្វែងរកចំណីអាហារដូច្នេះហ្ន៎?»។ កុកពោលថាៈ «នែបងប្អូនទាំងឡាយអើយ
ត្រីទាំងឡាយជាចំណីអាហារតំរង់ជីវិតខ្ញុំមែនពិតហើយ
តែខ្ញុំបានលឺពាក្យប្រមង់ពិគ្រោះគ្នានៅជិតក្រុងដូច្នេះថា
ត្រីក្នុងត្រពាំនេះមុខជាព្រានប្រមង់ នឹង មកចាប់យកអស់មិនខាន, ថាបើខ្ញុំអស់ផ្លូវរកស៊ីចិញ្ចឹមជីវិតក្នុងទីនេះហើយ
សេចក្ដីស្លាប់មុខជាចូលមកជិតខ្ញុំទៀងទាត់ណាស់
ព្រោះហេតុនោះបានជាខ្ញុំព្រួយចិត្ដសូម្បីតែអាហារក៏ព្រងើយកន្ដើយមិននឹកនាឃ្លានសោះ»។ កាលនោះអែងហ្វូងត្រីទាំងឡាយរំពឹងគិតគ្នាថាៈ «នែអ្នកដ៏ចំរើនទាំងឡាយ ទោះជាយ៉ាងណាក៏ដោយ
ពេលនេះគួរទុកកុកចាស់នេះជាអ្នកធ្វើអុបការៈដល់យើងគ្រប់គ្នាទៅចុះ
ហើយគួរយើងចូលទៅសួរមើល តើនឹងត្រូវធ្វើដូចម្ដេចអោយសុខស្រួលដូចតទៅ
ព្រោះថា៖
១៥ -
បុគ្គលគួរចងស្ពានមេត្រីមួយអន្លើដោយសត្រូវដែលធ្វើអុបការៈ
តែកុំធ្វើមួយអន្លើដោយមិត្ដដែលធ្វើអបការៈ (ទោស) ឡើយ អុបការៈ និង
អបការៈទាំងពីរប្រការនេះជាលក្ខណៈដែលបុគ្គលគប្បីកំណត់ដឹងចំពោះសត្រូវ
និង មិត្ដទាំងឡាយ។
ត្រីទាំងឡាយសួរទៅកុកតទៅថាៈ
«លោកកុកដ៏ចំរើនអើយ! ក្នុងកាលអីលូវនេះ
លោកមានអុបាយជួយរក្សាយើងដូចម្ដេចខ្លះ?។
កុកប្រាប់ថាៈ «អុបាយដែលជួយរក្សាអ្នកទាំងឡាយអោយរួចជីវិតមាន
គឺត្រូវអោយអ្នកទាំងឡាយចេញទៅរកទីអាស្រ័យនៅក្នុងជលាស័យដទៃទៀត
ខ្ញុំនឹងនាំយកអ្នកទាំងឡាយមួយម្ដងៗ អោយទៅនៅក្នុងជាលាស័យនោះ»។
ត្រីទាំងឡាយត្រេកអរពោលអឹងកងឡើងថាៈ «បើដូច្នោះ សូមលោកជួយតាមអុបាយនោះចុះ»។ កាលនោះអែង,
កុកចាស់នោះពាំនាំយកត្រីមួយម្ដងៗហើយស៊ីអស់ទៅ។ លំដាប់មក,
ក្ដាមនិយាយនឹងកុកថាៈ «លោកកុកដ៏ចំរើន
សូមលោកយកខ្ញុំទៅក្នុងជលាស័យនោះផង»។ កាលនោះអែង
កុកចាស់ត្រេកអរចង់ស៊ីសាច់ក្ដាមម្ដង ព្រោះខ្លួនមិនដែលបានស៊ីសោះ ក៏នាំក្ដាមយកទៅដាក់លើទីគោកមួយកនែ្លង។
ក្ដាមជាសត្វវាងវៃដឹងទាន់ ក្រលេកមើលទៅក្រោមឃើញឆ្អឹងត្រីសព្រាតដេរដាសពាសពេញដី
ទើបរំពឹងគិតថាៈ «ហ៎ា! អាត្មាអញដល់គ្រោះស្លាប់ខ្លួនហើយតើ?
ស្លេះទុករឿងនេះមួយអន្លើសិន អឹលូវនេះអាត្មាអញ ត្រូវរកអុបាយកែខៃអោយរួចពីទុក្ខអោយសមតាមបរិយាកាសសិន»(1) គិតរកអុបាយល្អឃើញហើយ តាំងយកដង្កៀបកៀបក កុកភ្លាម កៀបទាល់តែដាច់ម៉ាត់ស្លាប់ទៅហោង។
ព្រោះហេតុនោះបានជាខ្ញុំ (ត្មាទុរទសី)ពោលថាៈ «កុកល្ងង់»ដូច្នេះជាដើម។ ក្នុងកាលនោះអែង ក្ងោកចិត្រពណ៌ពោលឡើងទៀតថាៈ
«នែប្រធានរដ្ឋមន្ដ្រី! ចូរស្ដាប់ពាក្យខ្ញុំសិន ខ្ញុំបានគិតទុកដូច្នេះថា
កាលបើតាំងអោយក្អែកមេឃពណ៌ ជាស្ដេចក្នុងកបូរ៌ទ្វីប វត្ថុប្រសើរទាំងឡាយអែណាដែលមាននៅក្នុងកបូរ៌ទ្វីប
ក្អែកមេឃពណ៌នឹងបញ្ជូនមកថ្វាយ យើងជាសួយសាអាករ អាស្រ័យដោយហេតុនេះ យើងនឹងនៅលើភ្នំវិន្ធ្យាដាយសេចក្ដីសុខដ៏ក្រៃលែង។
ត្មាតទុរទសី ជាប្រធានរដ្ឋមន្ដ្រីបានស្ដាប់ហើយសើចក្អាកក្អាយ ហើយពោលថា៖
ជនណាមួយត្រេកអរមុនចំពោះប្រយោជន៍
ដែលមិនទាន់មកដល់តាមគំនិតដែលខ្លួនគិតទុក ជននោះនឹងត្រូវប្រសព្វសេចក្ដីក្ដៅក្រហាយស្ដាយក្រោយ
ដូចព្រាហ្មណ៍ដែលវាបំបែកក្រឡ។ ក្ងោកចិត្រពណ៌សួរថាៈ «រឿងនាះតើដូចម្ដេច?» ត្មាទុរទសីជាប្រធានរដ្ឋមន្ដ្រី
និយាយរឿងនោះប្រាប់ថា៖
………………………………………………….
(1) ហិតោបទេសសេចក្ដីប្រែជាភាសាសៀមនៃលោកនាគប្រទីបមានគាថាលើសដូច្នេះ
ក. ដរាបណាភ័យនៅឆ្ងាយ ដរាបនោះ គួរខ្លាចភ័យមកដល់
កាលណាភ័យមកដល់ហើយបុគ្គលគួរតស៊ូភ័យកាលនោះតាម ដែលគិតទុកមុន។ ក.
កាលណាអ្នកប្រាជ្ញត្រូវគេធ្វើអន្ដរាយខ្លួនហើយ
តែមើលមិនឃើញការព្រមព្រៀងចុះសំរុងគ្នាកាលនោះ
ត្រូវចូលប្រយុទ្ធព្រមស្លាប់ជាមួយសត្រូវ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment