គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៦
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
និទាននេះមានក្នុងក្បួនបារាំងសេស មានចៅមាណពម្នាក់ចិញ្ចឹមមេឆ្មា១
ទុកសំរាប់អោយខាំកណ្ដុរ មេឆ្មានោះមានមារយាទល្អ ចៅមាណពក៏ស្រលាញ់មេឆ្មានោះមហិមា
តែពេលចូលនិទ្រាកាលណា ក៏ហៅមេឆ្មានោះមកដេកជាមួយនឹងខ្លួនតែសព្វៗថ្ងៃ
មេឆ្មាក៏មានចិត្ដស្រលាញ់ម្ចាស់ ដោយភាពសត្វ ចៅមាណពស្រលាញ់ឆ្មាខ្លាំង ក៏តាំងអធិដ្ឋានសំពះបន់ស្រន់ដល់ព្រះឥសូរថា
«ព្រះម្ចាស់ទេវតាអើយ
សូមមកជួយប្រសិទ្ធីរូបមេឆ្មានេះ អោយក្លាយកាយកើតជាមនុស្សស្រីឡើង ខ្ញុំនឹងយកជាភរិយា»។
គ្រាកាលនោះ ឥសូរទេវរាជ លឺចៅមាណពប្រារព្ធនឹកដល់គុណខ្លួន
ក៏អាណិតចៅមាណពនោះ ទើបហោះមកប្រសិទ្ធីមេឆ្មានោះអោយកើតកាយក្លាយជាស្រីក្រមុំ
ហើយផ្សំផ្គុំអោយជាភរិយានៃចៅមាណពនោះអែ។ អែចៅមាណពកាលសមក្ដីប្រាថ្នាហើយ
ក៏មានចិត្ដត្រេកអរសាទរក្រៃលែងណាស់ ចាប់ផ្ដើមពីថ្ងៃនោះ អ្នកទាំងពីរក៏បាននៅរួមសុខទុក្ខជាប្ដីប្រពន្ធនឹងគ្នា
រកស៊ីចិញ្ចឹមជីវិតដោយភាវៈជាអ្នកស្រែចំការតាមធម្មតាលោកិយ។
ថ្ងៃមួយជាពេលរាត្រី ប្ដីប្រពន្ធក៏ចូលនិទ្រាលើគ្រែជាមួយគ្នា
កាលនោះមានកណ្ដុរ២គូ វាវារមកខាងនាងភរិយានោះ នាងនោះដោយជាតិជាឆ្មាតែងធ្លាប់ចាប់កណ្ដុរ
លុះកណ្ដុរវារមកខាងខ្លួន ក៏ស្ទុះក្រោកលោតទៅចាប់កណ្ដុរដោយរហ័ស ធ្លាក់ចុះអំពីគ្រែបោកក្បាលទៅជើងគ្រែ។
អែ ចៅប្ដីក៏ភ្ញាក់ក្រោកម្នីម្នាស្ទុះប្រញាប់ចាប់បានជើងនាងប្រពន្ធ ហើយលើកឡើងតាំងបបក់ព្រលឹងលួងលោមសួរថា
«ហៃមាសពិសី
មានហេតុអ្វីបានជាប្អូនក្រោកលោតចេញអំពីទីដំនេកដូច្នេះ»។ អែនាងនោះដឹងខ្លួនន
ក៏កើតក្ដីអៀនខ្មាសប្ដី បិទសេចក្ដីនោះមិនសំដែងអោយប្ដីដឹងឡើយ ឆ្លើយបង្វែងថា
ខ្លួនយល់សប្ដមមើទៅផ្ដាស ពុំដឹងខ្លួនប្រាណសោះឡើយ។ អែកិរិយានាងឆ្មាប្រព្រឹត្ដក្រោកចាប់កណ្ដុរនោះមិនមែនតែ
១វេលាទេ គឺតែដេកលក់ហើយ មានកណ្ដុរវារមកខាងខ្លួនកាលណា តែងស្ទុះក្រោកលោតចាប់កណ្ដុរក្នុងកាលនោះ
អែងនាងឆ្មាប្រព្រឹត្ដយ៉ាងនោះតែរៀងៗមក ទាល់តែចៅប្ដីមិនហ៊ានអាយដេកលើកគ្រែ
នាំអោយដេកតែនៅទីផ្ទៃរាបដរាបអស់អាយុនឹងគ្នា ត្រាតែទៅតាមយថាកម្មហោង។
រឿងនេះបានជាគតិជាតិលះវាសនាខ្លួនចោលពុំបាន គឺខ្លួនធ្លាប់សន្សំនូវអារម្មណ៍ពីដើមយ៉ាងណាមក
អារម្មណ៍នោះជាប់តាមមិនដាច់ លះបង់ទៅពុំបានដូចធ្លាប់លេងល្បែងនានា មានល្បែងលេងចំបាប់
ប្រដាល់ជាដើម ទោះដល់ខ្លួនចាស់ជរាហើយ លើកលែងល្បែងនោះចេញ ក្ដី បើមានអ្នកអែណាមួយទៅនិយាយត្រូវត្រង់អារម្មណ៍ខ្លួនធ្លាប់ប្រព្រឹត្ដមកនោះ
ក៏កើតចិត្ដលោភឡើង សំដែងនូវកិរិយានៃល្បែងនោះអួតបង្ហាញអោយគេបានដឹងលឺឡើងប្រាកដ។
មួយទៀត បុគ្គលកើតក្នុងវង្សត្រកូល ដែលមានកិរិយាយ៉ាងណា
កិរិយានោះជាប់តាមសន្ដានចិត្ដ នឹងគិតលះបង់ចោលបានដោយក្រ កិរិយាមារយាទជាកំនើតកើតមកសំរាប់រូបកាយនេះ
សឹងប្រព្រឹត្ដទៅជាផ្លូវជាគន្លងចេញអោយគេយល់គេស្គាល់បានក្នុងកាលប្រជុំជន។
បទនេះ សមដោយពាក្យបុរាណថា «ក្រកូលសជាតិ មារយាទសពូជ» អធិប្បាយថា
ជាតិកំនើតល្អអាក្រក់ សឹងប្រព្រឹត្ដទៅតាមត្រកូលមែន ត្រកូលអ្នកល្អក៏កើតជាតិល្អ
មិនលះបង់ជាតិល្អជាតិបណ្ឌិតទៅបាន ទោះធ្លោយធ្លាក់ចុះជាអ្នកក្រីក្រក្ដី
ក៏លះបង់មារយាទល្អទៅពុំបាន នៅមានមារយាទល្អដដែល។ បទនេះបានដូចបទបាលីក្នុងគម្ពីរលោកនិតិថា៖
សុក្ខោបិ ចន្ទនតរូ
ន ជហាតិ គន្ធំ នោគោ គតោរណមុខេ ន ជហាតិ លីលំ
យន្ដេ គតោ
មធុរសំ ន ជហាតិ អុច្ឆចទុក្ខោបិបណ្ឌិតជនោ នជហាតិ ធម្មំ។
ប្រែថា ជាតិខ្លឹមចន្ទន៍ទោះក្រៀមស្វិតក្រញង់ មិនបះបង់ក្លិនក្លែបសុគន្ធា
ដំរីសារទោះចូលសឹកយុទ្ធនា មិនលះបង់លីលាល្គាយល្គងក្រាយ។ ជាតិអំពៅទោះនៅក្នុងយន្ដគាប
មិនលះបង់សភាពរស់ផ្អែមសាយ ជាតិបណ្ឌិតទោះមានទុក្ខក្នុងកាយ មិនជិនណាយលះបង់ព្រះធម៌ថ្ងៃ។
ចប់តំរាបង់វាសនាពុំរួចទី២៦
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment