គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៨
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
កាលនោះមានអ្នកស្រែម្នាក់មានសំលាញ់ម្នាក់នៅក្នុងក្រុង
អ្នកស្រែនោះមានការ បានទៅរកសំលាញ់អែក្រុង
សំលាញ់នោះគេក៏ទទួលអោយសំណាក់នៅ
ដល់ពេលគេធ្វើបបរមៀនលើកមកអោយស៊ីតាមក្ដីរាប់អាន ចៅនោះបានស៊ីបបរមៀនផ្អែមឆ្ងាញ់ហើយនឹកថា
ផ្លែមៀននេះគេប្រើធ្វើបបរជាណាស់ដែរតើ អែងមិនដឹងសោះ
ចាំទៅផ្ទះវិញនឹងប្រាប់ នឹង ប្រពន្ធអោយបបរ ចៅនាះគិតតែដូច្នោះ
នឹងបានគិតសាកសួរវិធីបបរមៀននោះ ធ្វើដូចម្ដេចខ្លះ
គេដាក់អ្វីខ្លះក៏អិតអង្គឺមាន លុះនៅអស់កិច្ចការខ្លួនហើយ
ក៏លាសំលាញ់ទៅស្រុកអាត្មាវិញ និយាយប្រាប់ប្រពន្ធពីរឿងបបរមៀននោះ។
នាងប្រពន្ធថា ផ្លែមៀនយើងក៏មានបរិបូណ៌ តែយើងមិនដែលបបរឡើយ
មិនដឹងជាគេដាក់អ្វីខ្លះ ចៅនោះថាគ្មានដាក់អ្វីទេ ដាក់តែអង្ករដំនើប
និងខ្ទិះដូងប៉ុណ្ណោះអែង។
នាងប្រពន្ធក៏ទៅបេះផ្លែមៀនយកមកបកដាក់ក្នុងឆ្នាំងដាក់អង្ករដាក់ខ្ទិះដូង
ហើយបបរតាមពាក្យប្ដីបង្គាប់ លុះឆ្អិនហើយ ក៏ដួសយកមកអោយប្ដី
ចៅប្ដីបបួលនាងប្រពន្ធស៊ីជាមួយគ្នា លុះស៊ីទៅមិនផ្អែមមិនធុំក្លិនមៀន
ក៏ពោលថា កាលអញទៅស៊ីបបរសំលាញ់នោះ ម្ដេចក៏ផ្អែម
ហើយធុំក្លិនមៀនពិសាម៉្លេះ បបរយើងនេះ ម្ដេចមិនដូចបបរសំលាញ់នោះហៈ។
នាងប្រពន្ធសួរថា កាលអ្នកពិសាបបរសំលាញ់រួចហើយនោះ តើអ្នកបានសួរគេថា
ដាក់អ្វីខ្លះគេដាក់ស្ករដែរ រឺ ដូចម្ដេច។ ចៅប្ដីថា «មិនបានសួរគេទេ យើងស្មានប្រមាណយកដោយខ្លួនអែងយ៉ាងនេះ
ណ្ហើយចុះចាំទៅក្រោយទៀតសួរគេ អែបបរនេះស៊ីមិនបានទេ
ចូរអែងចាក់ចោលអោយឆ្កែឆ្មាវាស៊ីទៅចុះ» នាងប្រពន្ធ
ក៏ចាក់បបរនោះចោលទៅដីអស់ហោង។
មួយទៀត
អ្នកស្មានក្នុងការតែងតួក៏មាន មាននិទានដូចពួកអស់អ្នកក្នុងវាំងថា
កាលនោះមានស្រីម្នាក់ឈ្មោះនាងសែង ចន្ទ នៅក្នុងព្រះរាជវាំងហ្លួង
នាងនោះវេលាលាបម្សៅរមៀត
នាងយកសាប៊ូក្រអូបយ៉ាងល្អលាយនឹងផង់រមៀតលាបកាយ ហើយងូតទឹកដុសខាត់កាយដោយទឹកសាប៊ូរមៀតនោះអែង
អំនាចសាប៊ូផង់រមៀតចូលសាច់ ក៏ឡើងសំបុរបំព្រងល្អ គ្រានោះ
មានស្រីម្នាក់ឃើញនាងសែងចន្ទលាបម្សៅរមៀតល្អដូច្នោះ
ក៏ស្មានប្រមាណយកដោយខ្លួនអែង ទើបយកកំបោរលាយនឹងផង់រមៀតលាបកាយខ្លួន
អំនាចកំបោរត្រូវរមៀត
ក៏ឡើងពណ៌ក្រហមដល់ស្ងួតទៅក៏ស្រមែកស្រមោកយល់អាក្រក់ មិនគួរស្នេហាឡើយ
ហើយបានទទួលពាក្យតិះដៀលអំពើនាងសែងចន្ទដោយប្រការផ្សេងៗហោង។
មួយទៀតមានស្មានយកក្នុងលាភសក្ការៈក៏មាន
មាននិទានដូចមន្រ្ដីម្នាក់ជាចៅក្រមសាលា គ្រាកាលនោះ
មានកូនក្ដីម្នាក់ ត្រូវគេចោទដោយខ្លួនប្រព្រឹត្ដការខុស
ពួកចៅក្រមបានបង្គាប់អោយធ្វើពាក្យឆ្លើយតបពាក្យចោទ
ចៅនោះគិតនឹងចង់សូកចៅក្រម លុះចៅក្រមបែរមកត្រង់ចំមុខ
ក៏លើកដៃមួយធ្វើក្រងក់ទំនងដងរែក បង្ហាញទៅចៅក្រមនោះៗ
ក៏ដឹងសេចក្ដីថា ចៅនោះសូកហើយ នឹកស្មានថាចៅនោះជូនសេះមួយ
អោយជួយឈ្នះចោទក្នុងរឿងក្ដីនេះអែង
ទើបជួយកែខៃធ្វើអោយក្ដីចៅចំលើយនោះបានឈ្នះចោទ
តាមភាវៈខ្លួនលោភអាមិសនោះអែង។ អែចៅចំលើយបានដឹងថាក្ដីខ្លួនឈ្នះហើយ
ក៏ត្រេកអរ នឹកដល់គុណចៅក្រមជួយខ្លួន
ទើបធ្វើវែកដោះបាយមួយយកទៅជូនចៅក្រមនោះ ៗក៏ថា «កាលអែង លើកដៃក្រងក់ជាន័យបង្ហាញទៅអញនោះ គឺអែងអោយសេះអញ
នេះម្ដេចអែងយកវែកមកអោយអញវិញ អញក្រអ្វីអាវែកត្រលោកដូង»។ ចៅនោះក៏ជំរាបថា «ដែលខ្ញុំបាទលើកដៃក្រងក់នោះ
គឺខ្ញុំបាទសំដៅត្រង់រូបវែកនេះអែង
ព្រោះដងវែកក្រងក់មានសន្ឋានដូចដៃខ្ញុំបាទធ្វើបង្ហាញលោកក្នុងកាលនោះអែង
ខ្ញុំបាទនឹងបានថាជូនសេះមួយដល់លោកកាលណា
សូមលោកទទួលវែកមួយទុកប្រើដួសបាយក្នុងផ្ទះលោកចុះ
ជាគុណូបការៈរបស់ខ្ញុំបាទជូន
ព្រោះជួយក្ដីខ្ញុំបាទបានឈ្នះចោទនោះអែង។
អែចៅក្រមនោះក៏ទាល់ប្រាជ្ញា នឹងថាអ្វីទៅទៀតពុំបាន
ព្រោះខ្លួនស្មានខុសហោង។
រឿងនិទាន
អ្នកស្មានប្រមាណយកខុសចាកក្ដីប្រាថ្នានោះ មានពិស្ដារទៀតច្រើនណាស់
មិនឈ្នះនឹងពណ៌នា អញ្ជើញប្រាជ្ញប្រីជាចូលចិត្ដ
វិចិត្រដោយរឿងចៅវ៉ែនជាបែបហោង។
|
វ៉ែនអើយចៅវ៉ែន
|
ល្ងង់អ្វីសល់សែន
|
ក្នុងដែនគោកធ្លក
|
|
អក្សរមិនរៀន
|
របៀនមិនរក
|
ទៅគិតស្មានយក
|
|
កែវឆ្លុះសាស្ដ្រា។
|
||
|
គេចេះគេចាស់
|
គេមើលមិនច្បាស់
|
គេពាក់វ៉ែនតា
|
|
វ៉ែនអែងមិនចេះ
|
ត្រិះខុសសញ្ញា
|
នឹងមានវ៉ែនតា
|
|
អែណាមើលដាច់។
|
ចប់តំរាស្មានខុសជាគតិទី៥០
………………………………………
(១) អខោ ពាក្យប្រើកាត់មកពីពាក្យ
អក្ខោភិនី មានន័យថា ច្រើន ច្រើនក្រៃពេក ច្រើនជាអក្ខោភិនី។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment