ការបំបែកមិត្ដ ភាគទី២: កថាទី៧ រឿងភរិយាគោបាល និងសាយហាយពីរនាក់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

ការបំបែកមិត្ដ ភាគទី២: កថាទី៧ រឿងភរិយាគោបាល និងសាយហាយពីរនាក់


ស្រីហិតោបទេស ការបំបែកមិត្ដ ភាគទី២
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៧ រឿងភរិយាគោបាល និងសាយហាយពីរនាក់
នៅ​ក្នុង​បុរី​ទ្វារា​វតី​ មាន​ស្រ្តី​ម្នាក់​ជា​ភរិយា​គោបាល​ ជា​ស្រ្តី​ចិត្ត​ចើក​រហីរ​រហាយ​ ទៅ​ចង​ចិត្ត​រីក​រាយ​ដោយ​ផ្លូវ​កាម​លោ​កិយ​ និង មន្រ្តី​កាន់​ការ​ជា​ទណ្ឌ​នាយក​(1) (1)មេ​តំរួត​ មេ​នគរ​បាល​) ព្រម​ទាំង​បុត្រ​កំលោះ​គាត់​ផង​នៅ​ក្នុង​ក្រុង​នោះ​ ព្រោះ​ ថា​៖
១១៥ - ភ្លើង​តែង​មិន​ឆ្អែត​ដោយ​អង្កត់​អុស​ទាំង​ឡាយ​ មហា​សមុទ្រ​តែង​មិន​ឆ្អែត​ដោយ​ទឹក​ស្ទឹង​ទាំង​ឡាយ​ ម្រឹត្យុ​តែង​មិន​ឆ្អែត​ដោយ​សព្វ​សត្វ​ទាំង​ឡាយ​ អែ​ស្រ្តី​មាន​រូប​ល្អ​តែង​មិន​ឆ្អែត​ដោយ​ប្រុស​ទាំង​ឡាយ​។​
១១៦ - ដោយ​ការ​អោយ​រង្វាន់​ក៏​មិន​បាន​ ដោយ​ការ​យក​ចិត្ត​ក៏​មិន​បាន​ ដោយ​ការ​ប្រើ​អាវុធ​បង្ខំ​ក៏​មិន​បាន រឺ​ដោយ​ការ​ប្រើ​ច្បាប់​ចរិ​យា​បង្គាប់​ក៏​មិន​បាន​ ដោយ​ពិត​ស្រ្តី​ភាព គឺ​គេ​ទូន្មាន​មិន​ងាយ​បាន​ដោយ​ប្រការ​ទាំង​ពួង​។
១១៧ ស្រ្តី​ភាព​ ចិត្ត​ដាច់​ណាស់​ អាច​លះ​បង់​ប្តី​ដែល​មាន​គុណ​ប្រសើរ​ មាន​កិត្តិ​យស មាន​រូប​ល្អ​ជា​ទី​ពេញ​ចិត្ត​ ឆ្លាត​ក្នុង​កាម​វិធី​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ រឺ​នៅ​ក្មេង​ស្រលាង​ចោល​ភ្លាម​មួយ​រំពេច​ ហើយ​រត់​ទៅ​រើស​រក​ប្រុស​គំរក់​តាម​ថ្នាល់​ដែល​អិត​គុណ និង​ចរិយា​។
១១៨ - ពិត​ប្រាកដ​ណាស់​! នារី​ សូម្បី​ដេក​ទេន​សយ​នា​រចនា​ដ៏​វិចិត្រ​ប្រណិត​គួរ​ជា​ទី​មនោរម្យ​ ក៏​មិន​គាប់​ចិត្ត​ស្អិត​ស្មើ​ដោយ​ក្តី​ភ្លើត​ភ្លើន​រួម​ខ្នើយ​ដោយ​ប្រុស​ប្តី​គេ​ ជា​គូ​ស្នេហា​ថ្មី​ប្លែក​មុខ​ យក​ផែន​ដី​ជា​គ្រែ​ក្រាល​ដោយ​ស្មៅ​ក្រៀម​ក្រោះ​ជា​កន្ទេល​។
ថ្ងៃ​មួយ​ ភរិយា​គោ​បាល​នោះ​ អង្គុយ​ប្រ​លែង​លេង​ជា​ទី​រីក​រាយ​ជា​មួយ​ និង បុត្រ​ទណ្ឌ​នាយក​ដោយ​កាម​តណ្ហា​។ កំពុង​ តែ​រីក​រាយ​ដោយ​ក្តី​ស្នេហា​ ទណ្ឌ​នាយក​មក​ដល់​ ភរិយា​គោ​បាល​ ក៏​លប​យក​បុត្រ​ទណ្ឌ​នាយក​នោះ​ទៅ​លាក់​ទុក​ក្នុង​ជង្រុក​ភ្លាម​ ហើយ​ចេញ​មក​សំណេះ​សំណាល​ជា​មួយ​ទណ្ឌ​នាយក​វិញ​ និយាយ​សើច​ លេង​ក្អាក​ក្អាយ​ដោយ​ក្តី​ប្រតិព័ទ្ធ​។ កាល​នោះ​អែង​ គោ​បាល​ជា​ប្តី​នាង​នោះ​ត្រលប់​ពី​ឃ្វាល​គោ​មក​ដល់​។​ ភរិយា​គោ​បាល​ឃើញ​ប្តី​មក​ដល់​ និយាយ​ខ្សឹប​ៗ​ និង​ទណ្ឌ​នាយក​ថា​ «នែ​លោក​ទណ្ឌ​នាយក​! លោក​កាន់​តំបង​មួយ​ហើយ​ដើរ​ចេញ​ទៅ​យ៉ាង​រហ័យ​ ធ្វើ​អាការ​ហាក់​ដូច​ជា​ក្រោធ​ខឹង​ណាស់​» និយាយ​រួច​ហើយ​ទណ្ឌ​នាយក​ធ្វើ​តាម​ភ្លាម​ អែ​គោ​បាល​ចូល​មក​ដល់​ក្នុង​ផ្ទះ​សួរ​ប្រពន្ធ​ថា​ «ទណ្ឌ​នាយក​នេះ​ក្រោធ​ខឹង​រឿង​អ្វី​ខ្លាំង​ម៉្លេះ​?​» ភរិយា​គោ​បាល​ឆ្លើយ​ប្រាប់​ថា​ «លោក​ទណ្ឌ​នាយក​ លោក​ខឹង​នឹង​កូន​លោក​ ខ្ញុំ​មិន​ដឹង​ជា​មាន​ហេតុ​អ្វី​ដែរ​ កូន​លោក​នោះ​រត់​ចូល​មក​ជ្រក​ក្នុង​ផ្ទះ​យើង​ អីលូវ​ខ្ញុំ​ជួយ​យក​ទៅ​លាក់​ក្នុង​ជង្រុក​រក្សា​ទុក​ទៅ​ហើយ​ លោក​ទណ្ឌនា​យក​ចូល​មក​ក្នុង​ផ្ទះ​យើង​ រក​កូន​លោក​មិន​ឃើញ​ ខឹង​ណាស់​មុខ​ក្រញូវ​ ដើរ​ចេញ​ទៅ​វិញ​ទៅ​»​។ ពេល​នោះ​ភរិយា​គោបាល​ ចូល​ទៅ​នាំ​យក​បុត្រ​ទណ្ឌនា​យក​នោះ​ចេញ​ពី​ជង្រុក​មក​បង្ហាញ​ប្តី​ព្រោះ​ថា​៖
១១៩ - បុគ្គលគប្បី​ជ្រាប​ថា​ ស្រ្តី​បរិ​ភោគ​អាហារ​ទ្វេ​គុណ​ មាន​ប្រាជ្ញា​ចតុ​គុណ​ មាន​កល​មាយា​ឆ​គុណ និង បរិ​ភោគ​កាម​អដ្ឋ​គុណ​។ ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ (ចចក​ទមនកៈ)​ ពោល​ថា «រី​ហេតុ​ការណ៍​ណា​មួយ​ដែល​កើត​ឡើង​ភ្លាម​ៗ​ដោយមិន​ដឹង​ខ្លួន​»​ ដូច្នេះ​ជា​ដើម​ (លេខ​១១៤)​។
ចចក​ករ​ដកៈ​ ឆ្លើយ​ឡើង​ថាៈ​ «អែង​និយាយ​នេះ​ តែង​មាន​សេច​ក្តី​ពិត​ហើយ​ តែ​ធ្វើ​ដូច​ម្តេច​ហ៎ះ ​មេត្រី​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​សត្វ​ទាំ​ពីរ​នោះ​ កើត​ជាប់​ជា​និស្ស័យ​ស្និទ្ធ​ជិត​ជាប់​លាប់​ណាស់​ទៅ​ហើយ​ យើង​ធ្វើ​ដូច​ម្តេច​ទើប​អាច​ នឹង បំបែក​គ្នា​ចេញ​បាន​?​។ ចចក​ទម​នកៈ​ឆ្លើយ​ប្រាប់​ថា «យើង​រក​អុបាយ​បំបែក​អោយ​ទាល់​តែ​បាន​ ព្រោះ​ថាៈ​
១២០ កិច្ច​ការ​ណា​ដែល​គេ​អាច​ធ្វើ​អោយ​សំរេច​បាន​ដោយ​អុបាយ​ កិច្ច​ការ​នោះ​ គេ​មិន​បាច់​ប្រើ​កំលាំង​ព្យាយាម​ទេ​ ព្រោះ​ប្រើ​អុបាយ​ដោយ​ខ្សែ​ក​ជា​វិការៈ​នៃ​មាស​ ក្អែក​សំលាប់​ពស់​វែក​បាន​»។ ចចក​ករ​ដកៈ​សួរ​ថា «ចុះ​រឿង​នោះ​ដូច​ម្តេច​?​» ចចក​ទមនកៈ​និយាយ​រឿង​នោះ​ថា​៖

.............................................
(1)មេ​តំរួត​ មេ​នគរ​បាល​។

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad