មាតាបិតាសង្រ្គោះកូនដោយធម៌៥យ៉ាង - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, May 1, 2018

មាតាបិតាសង្រ្គោះកូនដោយធម៌៥យ៉ាង


មាតាបិតា ជាគ្រូដើម ជាគ្រូដ៏ឆ្នើមក្នុងលោកា
ម្យ៉ាងទៀតគឺពិតជាទេវតា ព្រះពុទ្ធត្រាស់ថាជាព្រហ្មផង។
មាតាបិតាគឺជាព្រះ រស់នៅក្នុងផ្ទះដ៏ច្បាស់ច្បង
សង្រ្គោះ៥យ៉ាងល្អហ្មត់ហ្មង ចម្លងបុត្រភ្ងាឱ្យដល់ត្រើយ។
សង្រ្គោះទី១ ដោយការឃាត់ មិនឱ្យកូនភ្លាត់ធើ្វបានឡើយ
ឃើញកូនធើ្វខុសឥតកន្តើយ ហាមហើយហាមទៀតឆ្លៀតតាមឃ្លាំ។
កំណើតជាមនុស្សថ្លៃពេកពន់ កូនត្រូវអត់ធន់ឱ្យបានសម
កុំឱ្យចំណង់វាបង្ខំ ចូលជ្រាំធ្លាក់ជ្រោះរបស់អសោច។
សង្រ្គោះទី៣ ដោយការចាំ ផ្សែផ្សំសន្សំគុណប្រយោជន៍
នៅរស់ជាមនុស្សកុំជាខ្មោច យ៉ាងហោចត្រូវឱ្យមានសីល៥។
ម៉ែឪបំពាក់អលង្ការ គឺធម៌ទេសនាជាប្រចាំ
កូនត្រូវស្រឡាញ់កល្យាណកម្ម គុណគាប់ត្រូវចាំកុំបំភ្លេច។
សង្រ្គោះទី៣ គឺឱ្យរៀន អុចទៀនវិជ្ជាភ្លឺរំលេច
សម្បត្តិចំណេះថ្លៃជាងពេជ្រ ដាក់ខាតត្រូវគេចពីគ្រឿងញៀន។
ថ្នាំញៀនបំផ្លាញនូវស្មារតី ញៀនល្បែងអប្រីយ៍នាំខូចរៀន
ញៀនស្រាញៀនស្រីរោគបៀតបៀន បើញៀននឹងរៀនសុរិយារះ។
សង្រ្គោះទី៤ គឺរៀបការ ក្នុងរឿងប្រាថ្នាគ្រប់គ្រងផ្ទះ
មិនត្រូវបង្ខំចង់យកឈ្នះ មានះនាំខូចប្រយោជន៍ធំ។
ស្នេហាជាផ្នូរកប់ព្រលឹង រឿងហ្នឹងត្រូវដឹង​ឱ្យគ្រប់មុំ
កុំអាងថានាឡិធំជាងនំ មានរឿងទាវទុំគំរូស្រាប់។
សង្គ្រោះទី៥ គឺចែកទ្រព្យ តាមកាលគួរគាប់ជាប់ជាច្បាប់
មរតកជាទ្រព្យនៃអ្នកស្លាប់ មិនត្រូវប្រញាប់ឱ្យដាច់ឡើយ។
ឱ្យតិចឱ្យច្រើនជាប្រចាំ រាល់ថ្ងៃខែឆ្នាំ​ឱ្យណាស់ហើយ
ចំណែកសម្បត្តិនាំដល់ត្រើយ ដូចបានពោលហើយគឺឱវាទ។
សង្រ្គោះទី៥យ៉ាងគឺជាគុណ ជាទុនជីវិតតាមក្បួនខ្នាត
ម៉ែឪជាព្រះអ្នកនាំអាទិ៍ កូនកុំប្រមាទតទៅហោង។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad