ព្រហ្មលិខិត - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, May 1, 2018

ព្រហ្មលិខិត


ជំនឿសាសនាព្រហ្មលិខិត រៀបចំវិចិត្រលោកីយ៍
មនុស្សទេវតាភ្លើងទឹកដី គ្មានអ្វីថាព្រហ្មមិនតាក់តែង។
បើព្រហ្មតាក់តែងលោកយ៉ាងនេះ យើងគួរត្រិះរិះតាមជាក់ស្ដែង
រកហេតុរកផលសព្វកន្លែង ប្រឹងប្រែងស្វែងរកនូវការពិត។
ហេតុអ្វីមនុស្សយើងមិនដូចគ្នា មានជា មានឈឺ ភ្លឺងងឹត
មានក្រសខ្មៅខ្លៅបណ្ឌិត ទាំងការប្រព្រឹត្តខុសគ្នាឆ្ងាយ។
ចំណែកតិរច្ឆានបានមិនល្អ មាននឹមទាក់កគួរឱ្យណាយ
សត្វច្រើនទុក្ខខ្លាំងក្នុងអបាយ ប្រេតអសុរកាយនិងអវីចី។
ក្រៅពីមនុស្សសត្វក៏ឃើញច្បាស់ ខ្យល់ព្យុះខ្លាំងណាស់កក្រើកដី
ភ្នំភ្លើងទឹកជនឥតប្រណី រាំងភ្លៀងងាប់ត្រីស្អីតាក់តែង។
ព្រះពុទ្ធត្រាស់ដឹង​ពីធម្មជាតិ រូបធាតុនាមធាតុត្រង់សម្ដែង
សត្វលោកនៅលើកម្មចាត់ចែង ឥឡូវសូមថ្លែងបីម៉ែឪ។
នៅពេលមានគភ៌ពីរបីខែ បើម៉ែលិខិតមិនឱ្យនៅ
កូនឋិតក្នុងផ្ទះមុខតែត្រូវ អស់ផ្លូវបានកើតឃើញសូរ្យសែង។
កូនខ្លះឪមិនទទួលស្គាល់ លិខិតដោយផ្ទាល់ថាអ្នកឯង
មិនមែនកូនអញយ៉ាងជាក់ស្ដែង កូនត្រូវចំបែងមួយជីវិត។
កូនខ្លះកើតមកប៉ែបោះចោល ស្លាប់រស់តែលតោលម៉ែមិនគិត
កូនខ្លះត្រូវឪចាប់ជំរិត រំលោភប្រព្រឹត្តអនាចារ។
កូនខ្លះកើតចំឪប្រមឹក វាយម៉ែពេលផឹកស្រវឹងស្រា
ទាំងកូនក្នុងផ្ទៃដួលផ្កាប់ផ្ងារ កូនណារស់ធំដើរសុំទាន។
កូនខ្លះម៉ែឪលែងលះគ្នា គ្រាំគ្រាគ្រួសារដូចបាក់ស្ពាន
កូនខ្លះរស់ខ្វះការទូន្មាន ប្រៀបដូចជិះយានភ្លូកធ្លាក់ជ្រោះ។
ព្រហ្មមានមុខ៤ពិតប្រាកដ តែបើព្រហ្មខ្សត់ពិតជាគ្រោះ
ព្រោះព្រហ្មអត់មុខឱ្យកូនរស់ ខ្វះធម៌សង្រ្គោះ៥ប្រការ។
ម៉ែឪជាព្រហ្មលិខិតកូន ចាត់ចែងឱ្យសូន្យឬភ្លឺថ្លា
បើពិតជាព្រហ្មត្រូវមេត្តា មុខថ្លាស្រស់ដូចព្រហ្មបាយ័ន។
ម៉ែឪមានព្រហ្មវិហារធម៌ ចាប់ផ្ដើមតាំងគត៌មិនធុញទ្រាន់
ព្រោះមេត្តាចិត្តកើតរួសរាន់ ក្នុងចិត្តបន្ទាន់ឱ្យគ្រប់ខែ។
ចង់ឃើញមុខកូនស្ងួនពិសី ទោះប្រុសឬស្រីក៏កូនដែរ
ខំរក្សាគភ៌ពិតជាម៉ែ ឪខំធើ្វស្រែប្រមូលទ្រព្យ។
ពេលឆ្លងទន្លេម៉ែឈឺណាស់ ឈឺក្រៃលែងក្រាស់ហួសរៀបរាប់
ដោយម៉ែស្រឡាញ់កូនសំណព្វ ជាភ័ព្វជួយឱ្យសតិតាំង។
បានឃើញមុខកូនម៉ែសប្បាយ ទឹកមុខស្រស់ស្រាយទាំងស្លេកស្លាំង
ព្រោះអម្បាញ់មិញម៉ែឈឺខ្លាំង រួចហើយម៉ែតាំងបំបៅដោះ។
ម៉ែស្រឡាញ់កូនម៉ែថ្នាក់ថ្នម បំពេបីបមមិនឱ្យខ្ចោះ
ម៉ែជាព្រះព្រះហ្មព្រោះចិត្តស្មោះ ក្នុងលោកល្អស្រស់ព្រោះគុណម៉ែ។
ម៉ែឪជាព្រហ្មលិខិតលោក ប្រោះព្រំជ័យជោគលោកបានល្ហែ
កុំភ្លេចឱ្យសោះព្រះគុណម៉ែ ឪពុកផងដែរអ្នកសាងលោក។
ខ្លួនប្រាណជើងដៃមនុស្សទាំងអស់ រួមទាំងរបស់គ្រឿងបរិភោគ
អាស្រ័យព្រះគុណអ្នកសាងលោក កូនស្វាងចាកងោកទើបយល់ត្រូវ។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad