១៥-កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, May 1, 2018

១៥-កូនមាសឪពុក


មុទិតា ប្រែថា ត្រេកអរតាម គឺជាដំណើរនៃចិត្តដែលទន់ភ្លន់
ទៅរកអ្នកដទៃ នៅពេលដែលអ្នកដទៃមាន​សេចក្ដីសុខ ឬបាន
លាភបានយស។
សូមឱ្យមុទិតា ជាអាភរណៈ (គ្រឿងប្រកដាប់កាយ) នៃកូន
ប្រុសស្រីទាំងឡាយ ឪពុកសង្កេតឃើញថា មនុស្ស​ចំនួនច្រើន
ដោយប្រក្រតីមិនសូវមាននូវមុទិតាជាមួយនឹងអ្នកដទៃឡើយ។
មុទិតា គឺជាការ​សម្ដែងចេញនូវសេចក្ដីត្រេកអរតាមពោលគឺ
រួមត្រេកអរទាំងផ្លូវកាយ ទាំងផ្លូវវាចា ទាំងផ្លូវចិត្តជាមួយអ្នក
ដែលបានជួបប្រសព្វនឹងសេចក្ដីសម្រេចនូវផលប្រយោជន៍
នោះៗ។
មុទិតា ប្រែថា ត្រេកអរតាមដោយចិត្តទន់ភ្លន់។
ឥស្សា ប្រែថា មិនត្រេកអរតាម ដោយអំណាចនៃ​ចិត្តឫស្យា
ពោលគឺការច្រណែន។
ចូរកូនចាំទុកថា សត្រូវដ៏សំខាន់របស់មុទិតា គឺឥស្យា កាលបើ
ច្រណែនហើយ ចិត្តក៏មិនត្រេកអរ មិនមានការពេញចិត្ត មាន
សភាពញាប់ញ័រដូចជាចោរយកសស្រ្ដាវុធមកភ្ជង់ត្រង់ដើមទ្រូង
ដូច្នោះឯង។
កាលណា​បើបានដឹងថា អ្នកដទៃបានល្អហើយ មិនថាជាបងប្អូន
ជាមនុស្សរួមការងារឬជាអ្នកមានគុណណាៗឡើយ អ្នកដែល
មានឥស្យាក៏ដល់​នូវការស្លុតចិត្តបែបម្យ៉ាងមានការអន់ចិត្ត…
បើមិនទប់ស្កាត់ទេ វានឹង​បណ្ដាលឱ្យមានរឿងមិនល្អផ្សេងៗ
កើតឡើង ដែលជារឿងគួរឱ្យខ្លាច​។
វិធីកម្ចាត់ឥស្យា គឺអប់រំចម្រើនូវមុទិតា មានសទ្ធាជឿហេតុផល
មានបញ្ញាយល់ដឹងរឿងក្នុងលោក មិនយល់​ថាសម្បត្តិក្នុង
លោកវាអស្ចារ្យណាស់នោះទេ តាមពិត វាគ្រាន់តែសម្រាប់
ដោះស្រាយនូវសេចក្ដីទុក្ខលំបាក​ប្រចាំរូបកាយតែប៉ុណ្ណោះ បើ
រូបកាយមិនមានហើយ ក៏មិនចាំបាច់​ត្រូវការទ្រព្យសម្បត្តិ​អ្វី
បន្តិចបន្តួចឡើយ ដូចជាថ្នាំសម្រាប់ព្យាបាលរោគ ថ្នាំមិន​មែន
សំខាន់អ្វីជាងការមិនមានរោគនោះទេ ដូច្នេះ ខ្លឹមសារ​សំខាន់
ក្នុងជីវិត គឺការប្រព្រឹត្តធម៌​ដើម្បីរំលត់ទុក្ខ។
កូនត្រូវ​ហាត់អប់រំ​ចម្រើននូវ​មុទិតា ចាប់ផ្ដើមពីក្រុមគ្រួសារ
ទៅមុន រួចហើយ​ផ្សាយពង្រីកទៅដល់អ្នកដទៃ​ជាខាងក្រៅ
ទៀត ឥស្សាក៏នឹងសាបសូន្យទៅ ម្ល៉ោះហើយកូនមាសឪពុក
ដែលមានតែមុទិតាចំពោះអ្នកដទៃយ៉ាងនេះ សិរីសួស្ដី និង
សេចក្ដីសុខ​ក៏ចូលមករកជីវិត​របស់កូន ព្រមគ្នានឹង​គុណធម៌
ផ្សេងៗទៀតដ៏ច្រើន ចូរកូនចងចាំកុំភ្លេច​ មុទិតា មុទិតា មុទិតា។
*មុទិតាជាថ្នាំរម្ងាប់រោគ ឥស្សាស្មោកគ្រោករោគក្នុងចិត្ត
ឥស្សាកើតឡើងអស់អាណិត ដូចខ្មោចសណ្ឋិតនៅក្នុងខ្លួន។
ឥស្សានាំឱ្យមានគំនុំ ធើ្វឱ្យសង្គមមិនមាំមួន
ចាក់ដោតព្យាបាទព្រោះគុំគួន ថែថួនដោយថ្នាំមុទិតា។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad